(ហាណូយ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមប្រធានបទស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧក្រិដ្ឋកម្មឆ្លងដែន។

ប្រតិភូកម្ពុជារួមមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការតុលាការកំពូល អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តសរុប៧រូប។ វត្តមានរបស់គណៈប្រតិភូកម្ពុជាក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១៣នេះ គឺបង្ហាញកាន់តែច្បាស់អំពីភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ រួមទាំងការជួយគ្នាទៅវិញទៅមករវាងស្ថាប័នអយ្យការក្នុងប្រទេសសមាជិកអាស៊ាន និងស្ថាប័នអយ្យការនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺជាវេទិកានៃមហាអយ្យការក្នុងតំបន់មួយដែលអគ្គព្រះរាជអាជ្ញាអគ្គរដ្ឋអាជ្ញា និងប្រធានប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន រួមគ្នាពិភាក្សា ចែករំលែក បទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មហិរញ្ញប្បទានភេរវកម្ម ការជួញដូរគ្រឿងញៀន ការរត់ពន្ធឆ្លងដែនខុសច្បាប់អំពើពុករលួយ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

នាពេលចាប់ផ្តើមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា និងប្រធានប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន (រាប់បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ) បានផ្តើមធ្វើបទអន្តរាគមន៍ និងការកត់សម្គាល់គន្លឹះសំខាន់ៗលើប្រធានបទឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយផ្អែកលើមូលដ្ឋានច្បាប់ បទពិសោធន៍ការងារ និងបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រភេទនេះកន្លងមក។

នាសន្និសីទនេះដែរ លោកស្រី ជា លាង ក៏បានចូលរួមធ្វើបទអន្តរាគមន៍គន្លឹះៗ និងផ្តល់នូវធាតុចូលសំខាន់ៗក្នុងសន្និសីទដែលមានដូចជា៖ (១) ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់បន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ការងាររវាងគ្នា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន (២) ការបង្កើតក្រុមទំនាក់ទំនងមួយដែលមានសមាសភាពជាមន្ត្រីអនុវត្តច្បាប់ ឬព្រះរាជអាជ្ញា ហើយត្រូវបានហ្វឹកហ្វឺនជំនាញពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា កោសលវិច័យ ភស្តុតាងឌីជីថល ការកាន់កាប់ និងបង្ហាញភស្តុតាងឌីជីថល និងការស៊ើបអង្កេតដំណាលគ្នា ដើម្បីធានាបានថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ និងជំនាញកាន់តែច្បាស់លាស់ និង (៣) បន្តសហការ និងធ្វើការជាមួយនឹងដៃគូរពាក់ព័ន្ធដោយរាប់បញ្ចូលទាំងវិស័យឯកជន។

បន្ទាប់ពីបញ្ចប់ការជជែកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងសកម្មរួចមក សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១៣ បានឯកភាពគ្នាជាឯកច្ឆ័ន្ទចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយដែលមានខ្លឹមសារសម្រេច៖

១. ប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ដោយឈរលើគោលការណ៍សមភាព ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

២. ប្រើប្រាស់ឱ្យបានពេញលេញនូវគ្រប់បណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ កិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងស្ថាប័នអយ្យការ
ឬបណ្តាញសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ក្នុងការពន្លឿនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

៣. បន្តប្ដេជ្ញាពង្រឹង និងអនុវត្តការពង្រឹងសមត្ថភាព ការចែករំលែកបទពិសោធន៍ រួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចពិភាក្សាតុមូល និងការផ្លាស់ប្ដូរអ្នកជំនាញ។

៤. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃគេហទំព័រផ្លូវការនៃសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន
និងធ្វើការចែករំលែកជាប្រចាំនូវឯកសារផ្លូវច្បាប់ និងការណែនាំអំពីមុខងារ និងប្រតិបត្តិការរបស់ស្ថាប័នអយ្យការនៃប្រទេសទាំងអស់ ក៏ដូចជាការបញ្ជូនព្រះរាជអាជ្ញាទៅសិក្សានៅមូលដ្ឋានបណ្តុះបណ្តាលព្រះរាជអាជ្ញាអាស៊ាន-ចិន ដែលមានទីតាំងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

៥. បង្កើតក្រុមទំនាក់ទំនង (Communication Group) នៃសន្និសីទអគ្គព្រះរាជអាជ្ញអាស៊ាន-ចិនមួយដែលប្រទេសនីមួយៗត្រូវដាក់បញ្ចូលនូវសមាជិកយ៉ាងតិច២រូប ក្នុងនាមជាជនបង្គោល៕