(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ បន្ទប់ប្រឡង ៣,៧៨១បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនទាំងជាង ៩ម៉ឺននាក់។ នៅវិទ្យាល័យព្រះស៊ីសុវត្ថិទី ដែលរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡងនោះ គេសង្កេតឃើញមាន សិស្សបានធ្វើដំណើរមកដល់តាំងពីព្រលឹមស្រាងៗ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅតាមសាលារៀនបានឲ្យដឹងថា ជាការកត់សំគាល់ ការឆែកឆេរសិស្សភាគច្រើន មិនបានយកព្រីយ៉ុងតាមខ្លួនចូលក្នុងបន្ទប់ប្រឡង ដូចការពីប្រឡងលើកមុនៗនោះទេ។ នៅវេលាម៉ោង៦៖៥០នាទីព្រឹកថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡងរួចហើយ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ការប្រឡងបាក់ឌុបនេះ ត្រូវបានបែងចែកជាងពីរផ្នែក គឺផ្នែកវិទ្យាសាស្រ្តសង្គម និងថ្នាក់វិទ្យាសាស្រ្ត។
សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម៖ មុខវិជ្ជា ដែលត្រូវប្រឡងនៅថ្ងៃទី២២ ដែលជាថ្ងៃដំបូង នៃការប្រឡងបាក់ឌុបនោះ ពេលព្រឹកមានមុខវិជ្ជា ភូមិវិទ្យា និងប្រវត្តិវិទ្យា មុខវិជ្ជាទាំងពីរមុខមានរយៈ ពេល ៩០នាទី។ ពេលរសៀលមានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស មុខវិជ្ជាទាំងពីរមុខនេះ មានរយៈពេល ៦០នាទី។
សម្រាប់ថ្ងៃទី២៣ សីហា ដែលជាថ្ងៃទី២វិញ ពេលព្រឹកមានមុខវិជ្ជា គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា មុខវិជ្ជាទាំងពីរមានរយៈពេល ៩០នាទី។ ពេលរសៀលអក្សរសាស្រ្តខ្មែរ មានរយៈពេល ១៥០នាទី។
សម្រាប់ថ្នាក់វិទ្យាសាស្រ្ត៖ នៅថ្ងៃដំបូង ពេលព្រឹកមានមុខវិជ្ជា ភូមិវិទ្យា និងប្រវត្តិវិទ្យា មុខវិជ្ជាទាំងពីរមុខមានរយៈ ពេល ៩០នាទី។ ពេលរសៀលមានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស មុខវិជ្ជាទាំងពីរមុខនេះ មានរយៈពេល ៦០នាទី។
ថ្ងៃទី២វិញ ពេលព្រឹកមានមុខវិជ្ជា អក្សរសាស្រ្តខ្មែរ និងរូបវិទ្យា មុខវិជ្ជាទាំងពីរមានរយៈពេល ៩០នាទី។ ពេលរសៀលគណិតវិទ្យា មានរយៈពេល ១៥០នាទី។
សូមបញ្ជាក់ថា ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ៩៣,៧៥២នាក់ ស្រី ៤៥,២៣៧នាក់ ចែកចេញជា ១៥៧មណ្ឌល ស្មើនិង ៣,៧៨១បន្ទប់។
ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ។ បេក្ខជនដែលធ្វើបានពិន្ទុចាប់ពី ៩០ភាគរយ ដល់១០០ភាគរយ ទទួលនិទ្ទេស A, ពិន្ទុចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាន និទ្ទេស B ហើយពិន្ទុពី ៧០ភាគរយ ទៅ៨០ភាគរយ ទទួលបាននិទ្ទេស C៕