(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មនឹងការរិះគន់ថា រាជរដ្ឋាភិបាល បានយកប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅខុសច្បាប់ នៅតំបន់រមណីយដ្ឋានាអង្គរ មកទុកចោលនៅតំបន់រុនតាឯក និងពាក់ស្នែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់។

ជាមួយនឹងការប្រតិកម្មខាងលើ សម្តេចធិបតី ចង់ឱ្យអ្នករិះគន់ចុះមកមើលជាក់ស្តែង។ សម្តេចធិបតី បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសអ្នកមាននោះទេ ដូច្នេះត្រូវធ្វើអ្វីជាជំហាន និងដំណាក់កាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅខ្ញុំឃើញអង្គការអន្តរជាតិមួយចំនួន ឆ្លៀតឱកាស អ្នកនយោបាយមួយចំនួនឆ្លៀតឱកាស វាយប្រហាររាជរដ្ឋាភិបាលថា យកប្រជាជនមកបោះចោល។ ខ្ញុំថាអ្នកនិយាយហ្នឹង គួរចុះមកមើលខ្លួនឯង ហើយមើលនៅក្នុងរយៈពេល ១ឆ្នាំនេះ ប្រទេសកម្ពុជាមិនមែនជាប្រទេសអ្នកមានដូចសហរដ្ឋអាមេរិក តែប្រទេសនេះមានថ្នាក់ដឹកនាំ មានរាជរដ្ឋាភិបាលដឹកនាំ ដែលមិនអត់ចិត្តទេ ខិតខំ ដើម្បីប្រែក្លាយឲ្យលឿន មិនទុកឲ្យប្រជាពលរដ្ឋចោលទេ យើងឈានជាជំហានៗ ដើម្បីផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធ។ អញ្ចឹង យើងត្រូវបន្តធ្វើទៀត មិនអាចទុកចោលទេ»

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ការថែរក្សាតំបន់រមណីយដ្ឋានអង្គរ ឲ្យនៅតែជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា របស់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ជាពិសេសប្រជាពលរដ្ឋ ដែលជាកូនចៅជំនាន់ក្រោយ ដែលមានទឹកចិត្តតែមួយ គឺរួមគ្នាថែរក្សាព្រលឹងជាតិយើង ជានិមិត្តរូប ដែលបុព្វបុរសយើងជាង ៤០០ឆ្នាំ ចំណាយពេលកសាងទុកឲ្យយើង ឲ្យព្រលឹងនេះរស់រវើករាប់ពាន់ឆ្នាំបន្តទៀត។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលខិតខំដាក់ចេញវិធានការនានា ដើម្បីតែប្រយោជន៍ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការរួមគ្នាអភិវឌ្ឍ និងអភិរក្ស ដំណាលពេលគ្នា គឺដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធា។

សម្តេចធិបតី បានថ្លែងថា ប្រាសាទនៅរមណីយដ្ឋានអង្គរដែលមានផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ត្រូវតែរួមគ្នាថែរក្សា ព្រោះមិនមែនខូចហើយ ធ្វើឡើងវិញបាននោះឡើយ។ អាយុពលរដ្ឋត្រឹម ១៥០ឆ្នាំ គឺរីករាយពេកហើយ តែព្រលឹងជាតិ និងប្រាសាទរបស់ខ្មែរ ត្រូវថែរក្សាឱ្យបានរាប់ពាន់ឆ្នាំទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រមណីយដ្ឋានអង្គរនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​ បើរក្សាមិនបានតាមលក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ។ សម្តេចធិបតី បានចោទសួរថា តើវាសមដែរទេ ប្រាសាទដូនតាបន្សល់ទុករាប់ពាន់ឆ្នាំហើយ បែរជាយើងខ្មែរជំនាន់ក្រោយមិនអាចរួមគ្នាថែរក្សាតម្លៃប្រាសាទដូនបាននោះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រវាងប្រាសាទ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសយកទាំងពីរ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅរុនតាឯក ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុង។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម និងទេសចរណ៍ គិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ចជូនពលរដ្ឋនៅរុនតាឯក។ សម្តេចធិបតី ថែមទាំងណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលរដ្ឋនៅរុនតាឯក។

សូមជម្រាបថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។

ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី ជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីកាត់បន្ថយនូវការ​លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ​ដីលំ​នៅ​ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀប​ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន​ដូចជា​ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញ​លូ​​រំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បាន​ណែ​នាំឱ្យសាងសង់​បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ។

ក្រៅពីនោះដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បណ្ណ​ក្រី​ក្រ​កម្រិត១​ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទី​តាំង​​ខាងលើនេះ៕