(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមនីតិវិធី ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់ ដែលភាគីអ្នកបើកបររថយន្ដជាតារាសម្ដែងស្រីម្នាក់ ហើយត្រូវបានគេស្គាល់ និងចែកចាយរូបភាពពេញបណ្ដាញសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃតី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៦៨៨៨ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត១គ្រឿងម៉ាក Ford Mustang ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ភេទស្រី អាយុ២៥ឆ្នាំ និងម៉ូតូ អគ្គីសនី១គ្រឿងម៉ាក Sunra ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុត មាល័យ ភេទប្រុស អាយុ៣៧ឆ្នាំ។

ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ សុត មាល័យ ជាអ្នកបើកបរម៉ូតូអគ្គីសនីបានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកឯ ឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យចាត់ការបន្តតាមនីតិវិធី ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់លើភស្តុតាង និងស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ជាពិសេស ពិនិត្យលើរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃើញថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីភាគីបើកបរម៉ូតូអគ្គីសនីបើកបរមិនប្រកាន់គន្លងផ្លូវ របស់ខ្លួនដោយបើកបរចូលគន្លងផ្លូវរបស់រថយន្ត ឯភាគីរថយន្តបានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង។ ក្រោយមក ក្រុមគ្រួសាររបស់ភាគីទាំងសងខាង បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ហើយភាគីខាងម៉ូតូអគ្គីសនីបានទទួលសំណងរដ្ឋប្បវេណី និងមិនបានដាក់ពាក្យប្ដឹងឡើយ។

ប៉ុន្តែដោយសារតែករណីនេះជារឿងព្រហ្មទណ្ឌ តំណាងអយ្យការបានបើកការស៊ើបសួរលើឈោ្មះ ជា ថាណាកា ហៅ ជា ណាកា តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ៥១៨៧ អយឆ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចដែលច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿង នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕