(ភ្នំពេញ)៖ អតីតប្រមុខការទូតសិង្ហបុរី លោក George Yeo បានថ្លែងថា វានឹងមានភាពអវិជ្ជមានដល់អាមេរិក បើប្រទេសមួយនេះដាក់សម្ពាធលើប្រទេសសមាជិកអាស៊ាន ក្នុងការជ្រើសខាងណាមួយនៃការប្រកួតប្រជែង របស់មហាអំណាច។

ថ្នាក់ដឹកនាំសិង្ហបុរីដ៏ឆ្នើមរូបនេះ ថ្លែងបែបនេះ ក្នុងបាឋកថាពិសេស ក្រោមប្រធានបទ «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» រៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជាមួយគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា «អតីតរដ្ឋមន្រ្តីរូបនេះ បានផ្តល់យោបល់ថា វានឹងមានភាពអវិជ្ជមានដល់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះដាក់សម្ពាធលើប្រទេសសមាជិកអាស៊ានក្នុងការជ្រើសខាងណាមួយ។ ប្រសិនបើសហរដ្ឋអាមេរិកពុំដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសទាំងនេះនឹងស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងតំបន់»

នៅចំណុចផ្តើមនៃបាឋកថា អតីតអ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរីរូបនេះ បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេង ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទិចខ្ទាំដោយសង្រ្គាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមានសន្តិភាព និងស្ថេរភាពនយោបាយ។

អតីតរដ្ឋមន្រ្តី Yeo បានបន្តពិភាក្សាអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន។ លោកជឿជាក់ថា ការរះឡើងរបស់ចិន នឹងបង្កឱ្យមានការប្រឈមផ្នែកសេដ្ឋកិច្ចដល់បច្ចិមលោក ក៏ប៉ុន្តែវានឹងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ ជាមួយនឹងការរះឡើងរបស់ចិន ប៉ូលអំណាចនៅក្នុងទ្វីបផ្សេងទៀតៗបាននិងកំពុងកើតឡើង។

ការរះឡើងនៃប៉ូលទាំងនេះ នឹងប្រែក្លាយពិភពលោកទៅជាប្រព័ន្ធពហុប៉ូល ទោះបីជាសហរដ្ឋអាមេរិក និងបច្ចិមលោកព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។ អាស៊ាន ត្រូវតែរក្សាជំហររបស់ខ្លួននៅក្នុងរយៈពេលអន្តរកាលដ៏ធំធេងនេះ។ នៅក្នុងបរិបទនេះ អតីតរដ្ឋមន្រ្តី Yeo បានគូសបញ្ជាក់ថា អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹងសម្ពាធដែលមានពីគ្រប់ទិសទី។ ទោះជាយ៉ាងណាក៏ដោយ អតីតរដ្ឋមន្រ្តី Yeo បានបញ្ជាក់ថាវាជាការណ៍មួយចាំបាច់ ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយនៃការប្រកួតប្រជែងរបស់មហាអំណាច។ បន្ថែមពីលើនេះទៀត អាស៊ានត្រូវតែរក្សានូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន។ អង្គការតំបន់មួយនេះ ត្រូវរក្សា «មាគ៌ាអាស៊ាន» ក្នុងការដោះស្រាយបញ្ហានានា។

បាឋកថានេះ មានអ្នកចូលរួមប្រមាណ ២០០ រូប មកពីក្រសួង-ស្ថាប័ន បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា សាកលវិទ្យាល័យនានា ធនាគារខួរក្បាល និងទីភ្នាក់ងារសារព័ត៌មាន។ អ្នកចូលរួមមួយចំនួន បានលើកជាសំណួរប្រកបដោយការគិតគូរពិចារណា ដែលលោក Yeo បានឆ្លើយតបដោយមានការរួមបញ្ចូលនូវឧទាហរណ៍ពីព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ន ប្រវត្តិសាស្រ្ត និងអារ្យធម៌ពិភពលោក។ លោក Yeo នឹងផ្តល់បាឋកថាពិសេសមួយទៀតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទ «ការគំរាមកំហែង និងឱកាសសម្រាប់រដ្ឋតូចៗនៅក្នុងពិភពលោកពហុប៉ូល»។

សូមជម្រាបថា លោក Yeo គឺជាបញ្ញាវ័ន្តកិត្តិយសនៃវិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូរ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (Lee Kuan Yew School of Public Policy of the National University of Singapore) និងជាស្ថាបនិកនៃវិទ្យាស្ថានប្រកួតប្រជែងអាស៊ី។ លោក Yeo បានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ លោកបម្រើការងាររយៈពេល ២៣ឆ្នាំ (១៩៨៨ ដល់ ២០១១) ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្រ្តីព័ត៌មាន និងសិល្បៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្រ្តីការបរទេស៕