(ក្រុងរីយ៉ូ)៖ អត្តពលិកចុងក្រោយរបស់កម្ពុជា នីកូ បានមកដល់ទីហើយ ដោយប្រើពេល ២ម៉ោង ៤៥នាទី និង ៥៥នាទី ក្នុងចម្ងាយផ្លូវ ៤២គីឡូម៉ែត្រឈរនៅចំណាត់ថ្នាក់លេខ ១៣៩ ក្នុងចំណោមអ្នករត់ម៉ារ៉ាតុងសរុប ១៥៥នាក់ ក្នុងព្រឹត្តិការណ៍ Rio Olympic Games 2016 ដែលទើបបញ្ចប់មុននេះ នេះបើយោងតាមលោក វ៉ាត់ ចំរើន ថ្លែងប្រាប់ Fresh News។
ដូច្នេះ បេសកកម្មរបស់អត្តពលិកកម្ពុជាទាំង ៦រូបក្នុងការចូលប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយពុំបានឈ្នះមេដាយនោះទេ ក្នុងចំណោម ៤ប្រភេទកីឡារួមមាន កីឡាហែលទឹក ២រូប កីឡារត់ប្រណាំងម៉ារ៉ាតុង ២រូប កីឡាបោកចំបាប់ ១រូប និងកីឡាតេក្វាន់ដូ ១រូប។
សូមបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង Olympic Games 2016 នឹងបិទការប្រកួតនាយប់នេះហើយ បន្ទាប់ដំណើរការប្រកួតអស់រយៈពេល ១៦ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ទៅលើ ២៨ប្រភេទកីឡាដាក់ឲ្យប្រកួតដណ្តើមមេដាយ ចែកចេញជា ៣០២វិញ្ញាសាប្រកួត និង ៤១វិញ្ញាសាសំដែង។
ក្នុងនោះដែរ អាមេរិក បានកំពុងនាំមុខគេបណ្តោះ និងចាប់តាំងពីចាប់ផ្តើប្រកួតផងដែរ ក្នុងនាមក្រុមអត្តពលិកឈ្នះមេដាយបានច្រើនជាងគេដាច់ លេខ២ អង់គ្លេស និងលេខ៣ ចិន ហើយម្ចាស់ផ្ទះប្រេស៊ីល ឈ្នះមេដាយបានតែ ១៨គ្រឿងប៉ុណ្ណោះ មាស៦ ប្រាក់៦ និងសំរឹទ្ធ៦ដូចគ្នា ឈរនៅលេខ១៤ ក្នុងចំណោម ៨៦ ប្រទេសដែលឈ្នះដាយនៅ Rio Olympic Games 2016 លើកទី៣១នេះ៕