(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ី ឱ្យបន្តការគាំទ្រជួយឧបត្ថម្ភបណ្ដុះបណ្ដាលស្ថាប័នហាឡាលកម្ពុជាបន្ថែមទៀតតាមស្តង់ដា ដើម្បីឈានដល់កាទទួលស្គាល់ពីបណ្ដាប្រទេសឥស្លាមលើសកលលោ។

ការស្នើនេះធ្វើឡើងក្នុងឱកាសលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយលោក​ Dato' Setia Dr. Haji Mohd Na'im bin Haji Mokhtar​ សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី អមដោយ ​Dauk Hajah Hakimah binti Modh Yusoff និងលោក Dato’ Sirajuddin bin Suhaimee អគ្គនាយក​ រួមនឹងអគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី នៅទីស្តីការ Komplek Islam Putrajaya ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ រដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងការកោតសរសើរដល់ការដឹកនាំតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនលូតលាស់កើនឡើងបានយ៉ាងរហ័សលើគ្រប់វិស័យ ហើយព្រមទាំងបានធ្វើឱ្យប្រទេសកម្ពុជា ក៏ទទួលបាននូវភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គ្មានជម្លោះ ឬការរើសអើងសាសនាដែលបណ្តាលមកពីការប្រកាន់សាសនាខុសគ្នានោះឡើយ ដែលនេះចាត់ទុកជាប្រទេសគំរូសម្រាប់ប្រទេសដទៃមួយចំនួនធ្វើការស្វែងយល់រៀនសូត្រតាម។​

លោកបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្ដល់នយោបាយ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋគ្រប់សាសនា បានចូលបម្រើការងារក្នុងស្ថាប័នកំពូលនាៗដែលគួជាទីមោទនភាព។ រដ្ឋាភិបាលបានរៀបចំឱ្យមានកម្មវិធីនៃការជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនដ៏ធំសម្បើម សម្រាប់សហគមន៍ឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ ដែលបង្ហាញពីការផ្ដល់នូវតម្លៃលើសាសនាដោយឥតរើសអើង។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានាពេលកន្លងមក តាំងពីកម្ពុជានៅលំបាកក្រក្រី។

លោកទេសរដ្ឋមន្រ្តីបានស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ី បន្តការគាំទ្រជួយឧបត្ថម្ភបណ្ដុះបណ្ដាលស្ថាប័នហាឡាលកម្ពុជាបន្ថែមទៀតតាមស្តង់ដា ដើម្បីឈានដល់កាទទួលស្គាល់ពីបណ្ដាប្រទេសឥស្លាមលើសកលលោក។

លោកទេសរដ្ឋមន្ត្រីក៏បានស្នើដល់លោករដ្ឋមន្ត្រី រដ្ឋាភិបាលម៉ាឡេស៊ី បន្តជំរុញវិនិយោគិនម៉ាឡេស៊ី ពិនិត្យសក្ដានុពលវិស័យផលិតផលហាឡាល ដោយហេតុថាកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមផលិតផលកសិកម្ម និងថ្លៃកម្លាំងពលកម្មក៏នៅសមរម្យ។ បច្ចុប្បន្នស្ថាប័នហាឡាលកម្ពុជា បានចេញវិញ្ញាបនបត្របញ្ជាក់ផលិតផលហាឡាលបានចំនួន១,២៣១​មុខទំនិញ។

លោកទេសរដ្ឋមន្រ្តីបានថ្លែងអរគុណចំពោះលោករដ្ឋមន្ត្រីសាសនាឥស្លាមម៉ាឡេស៊ី និង MABIMS ដែលស្របគ្នាជំរុញការគាំទ្រឱ្យកម្ពុជាចូលរួមជាសមាជិកពេញសិទ្ធិជាមួយបណ្ដារដ្ឋមន្ត្រីនៃព្រុយណេដារ៉ុសសាឡាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី (MABIMS) កាលពីកិច្ចប្រជុំនៅសិង្ហបុរី កាលពីថ្ងៃទី១៥-១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដែលបច្ចុប្បន្ននេះ កម្ពុជានៅជាអ្នកសង្កេតការណ៍នៅឡើយ៕