(ភ្នំពេញ)៖ បទចម្រៀងថ្មីមានចំណងជើងថា «បងចាំ» របស់លោក ហ្សូណូ (Zono) ដែលជាស្នាដៃនិពន្ធទាំងទំនុកច្រៀង និង បទភ្លេងដោយកូនខ្មែរសុទ្ធសាធនោះ អត្ថន័យ និងអត្ថរសនៃបទចម្រៀង បាននិងកំពុងទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់យុវវ័យ បន្ទាប់ពីបានបង្ហោះតាមទំព័រ Youtube។ បទចម្រៀងនេះ ក៏ត្រូវបានរំពឹងថា នឹងអង្រួនបេះដូងយុវវ័យ និង អ្នកមានវិបត្តិស្នេហ៍កាន់តែខ្លាំង ថែមទៀតនៅពេលចេញជាវីដេអូ (MV) ដោយសារតែទីតាំងថត និងឈុតឆាក នៃការសម្តែងត្រូវ បានសម្រិតសម្រាំងខ្ពស់បំផុត។
លោក ជួន សុវណ្ណវាសនា អ្នកដឹកនាំសម្តែងបទ «បងចាំ» បានឲ្យ Fresh News ដឹងថា បទ«បងចាំ» បានរៀបរាប់ និងរំលេចពីជីវិតស្នេហាពិតរបស់បុរសម្នាក់នៅក្រៅប្រទេស។ បទនេះ ក៏បានបង្ហាញឲ្យឃើញពី ការលើកកម្ពស់លើវិស័យសិល្បៈ ចម្រៀងរបស់ខ្មែរ ដោយមិនលួចចម្លងពីប្រទេសដទៃ ព្រោះទាំងទំនុកច្រៀង និងបទភ្លេង គឺជាស្នាដៃនិពន្ធថ្មីរបស់កូនខ្មែរ។
ក្រៅពីអត្ថន័យ និងអត្ថរសដែលចាក់ដោតបេះដូង អ្នកមានវិបត្តិស្នេហ៍ខ្លាំងហើយនោះ បទ «បងចាំ» ត្រូវបានរំពឹងថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំង នៅពេលចេញជាវីដេអូ។ នេះបើតាមការបញ្ជាក់ របស់លោក ជួន សុវណ្ណវាសនា ដែលជាអ្នកដឹកនាំសម្តែងល្បីមួយរូប នៅកម្ពុជា។
លោក សុវណ្ណវាសនា ដែលធ្លាប់បានដឹកនាំរឿង និងថត MV ទទួលបានជោគជ័យជាច្រើននៅកម្ពុជា បានឲ្យដឹងថា MV «បងចាំ» ត្រូវបានថតដោយមាន ការគូរជាគំនូរព្រៀង ដែលគេហៅថា Story Board ដែលកម្រនឹងមានពីមុនមក។ ជាពិសេសបទនេះ ត្រូវបានជ្រើស យកទេសភាពខេត្តព្រះសីហនុ ដែលមានភ្នំ កោះ និង ឆ្នេរជាទីតាំងសម្រាប់ថត ដែលទិដ្ឋភាពនេះកាន់តែធ្វើឲ្យ ទាក់ទាញខ្លាំងថែមទៀត។
បើតាមលោក សុវណ្ណវាសនា MV បទ «បងចាំ» បានចំណាយពេលរហូតដល់ជាង ២ខែ។ លោក សុវណ្ណវាសនា ដែលធ្លាប់បានដឹកនាំការសម្តែងបទ «ទីបំផុត» របស់លោកពិទូដែរនោះ រំពឹងថា បទបងចាំ របស់លោក ហ្សូណូ ដែលនឹងចេញជាវីដេអូ ក្នុងពេលឆាប់ៗ ខាងមុខនេះ នឹងទទួលបានការគាំទ្រកាន់តែច្រើន ពីសំណាក់យុវវ័យនៅកម្ពុជា៕