(ភ្នំពេញ)៖ កម្ពុជាលើកទឹកចិត្ដដល់មិត្ដចិនក្នុងការរៀបចំវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ និងសហការកាន់តែជិតស្និទ្ធជាមួយក្រុមជំនាញវេជ្ជសាស្រ្ដបុរាណកម្ពុជា។​

លោកបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្រ្ដីបានជំរុញលើកទឹកចិត្ដដល់មិត្ដចិនក្នុងការរៀបចំវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ និងសហការកាន់តែជិតស្និទ្ធជាមួយក្រុមជំនាញវេជ្ជសាស្រ្ដបុរាណកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការជំរុញបែបនេះ ក្នុងវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត ប៉ៃ សំបូរ បានមានប្រសាសន៍សម្ដែងនូវការគាំទ្រលើខឹ្លមសារ និងបេសកកម្មការងារដែលមិត្ដចិនបានចូលរួមចំណែកលើកកម្ពស់ផ្នែកវេជ្ជសាស្រ្ដបុរាណចិន ដែលជាជ្រុងដ៏សំខាន់នៃវប្បធម៌ចិន ហើយក៏ជាការរួមចំណែកដល់កិច្ចកសាងសហគមន៍រួមវាសនាដោយផ្ដោតលើវិស័យសុខភាពសាធារណៈជាអាទិភាព។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់បន្ថែមមួយទៀតដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានក្រុមវិជ្ជសាស្រ្ដបុរាណចិន អញ្ជើញចូលរួមវេទិកាឱសថបុរាណថ្នាក់តំបន់ ជាពិសេសផ្ដោតលើប្រធានបទស្ដីពី «ឱសថបុរាណបង្កើតសុខភាពរួមអនាគត»
ជាមួយគ្នានោះដែរលោកក៏បានរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោកក៏បានចូលរួមសិក្ខាសាលាម្ដងដែរ នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប គឺជាការរម្លឹកដល់ប្រវត្ដិទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា និងចិន ដែលបានកត់ត្រាដោយលោក ជីវ តាក្វាន់ ក្នុងដំណើរមកកាន់រាជធានីអង្គរ។ បន្ថែមលើនេះទៀត នៅមានបេសកជនការទូត និងអ្នកស្រាវជ្រាវឱសថបុរាណចិនជាច្រើនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានរកឃើញនូវនវានុវត្ដន៍ផ្នែកវិជ្ជសាស្រ្ដបុរាណចិន។

ចំណែកលោក Wang Xiaopin លេខាគណៈកម្មាធិការបក្សនៃមន្ទីរពេទ្យ កងអានមិន បណ្ឌិតសភាវិទ្យាសាស្រ្ដ វេជ្ជសាស្រ្ដចិនបានលើកឡើងថា តាំងពីបុរាណកាលមក ឱសថបុរាណចិនគឺជាផ្នែកសំខាន់នៃការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅតាមបណ្ដោយផ្លូវសូត្របុរាណ។

លោកបានឱ្យដឹងថា ប្រសិទ្ធភាព និងតួនាទីរបស់ឱសថបុរាណចិន ក្នុងការបង្ការ និងព្យាបាលជំងឺទូទៅ ជំងឺដែលកើតឡើងញឹកញាប់ ជំងឺរ៉ាំរ៉ៃ និងជំងឺធំៗ ត្រូវបានសហគមន៍អន្ដរជាតិទទួលស្គាល់ និងទទួលយកកាន់តែខ្លាំងឡើង។

លោកបានបន្ថែមថា ឱសថបុរាណដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក បាននិងកំពុងដើរតួនាទីមិនអាចជំនួសបានក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ។ ទន្ទឹមនេះ ឱសថបុរាណចិន ត្រូវបានបង្កើតឡើងជាបណ្ដើរៗ និងបន្ដពង្រឹង និងអភិវឌ្ឍន៍ដោយប្រជាជាតិចិន ក្នុងការផលិត ជីវិតរស់នៅ និងក្នុងការតស៊ូប្រឆាំងនឹងជំងឺយូរលង់មកហើយ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការយល់ដឹងអំពីជីវិត សុខភាព និងជំងឺរបស់ប្រជាជនចិន ហើយក៏ជាផ្នែកដ៏សំខាន់នៃវិស័យវេជ្ជសាស្រ្ដ និងសុខាភិបាលរបស់ប្រទេសចិន។

លោក Wang Xiaopin បានអះអាងថា មន្ទីរ កងអានមិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់ការងារជំនួយផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមគ្រូពេទ្យកម្ពុជា និងការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា ឱ្យប្រាជ្ញាបុរាណពីប្រទេសចិនអាចបម្រើប្រជាជនឡានឆាង-មេគង្គបានកាន់តែច្រើន។

លោកស្រី Zhong Jie ទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងថា វេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១ គឺមានគោលបំណងជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង នូវវិស័យវេជ្ជសាស្រ្ដ និងសុខភាព ហើយរួមគ្នាលើកកម្ពស់ភាពរុងរឿង និងការអភិវឌ្ឍនៃឱសថបុរាណ។
លោកស្រីបានថ្លែងបញ្ជាក់ថា វេទិកានេះ គឺជាវិធីសាស្រ្តព្យាបាលដ៏យូរអង្វែងមួយ ដែលឱសថបុរាណ មានការគិតគូរប្រកបដោយគតិបណ្ឌិតរបស់មនុស្ស និងបេតិកភណ្ឌវប្បធម៌ ហើយជាខ្លឹមសារសំខាន់មួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកស្រីក៏បានរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា កន្លងមក មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហើយការបង្កើតមជ្ឈមណ្ឌលនេះ នឹងជួយដល់ការស្វែងរកគំរូថ្មី និងផ្លូវថ្មី សម្រាប់ការសាងសង់មជ្ឈមណ្ឌលឱសថបុរាណចិននៅបរទេស ដែលក៏នឹងជួយធ្វើឱ្យចំណងមិត្ដភាពកម្ពុជា-ចិន កាន់តែស៊ីជម្រៅ ក៏ដូចជារួមចំណែកកសាងសហគមន៍រួម វាសនារួម ចិន-កម្ពុជាក្នុងយុគ្គសម័យថ្មី។

សូមជម្រាបជូនថា ក្នុងវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១នេះ ត្រូវបានរៀបចំឡើងនៅ កម្ពុជា ដោយមានកិច្ចសហការរវាង មន្ទីរពេទ្យ កងអានមិន បណ្ឌិតសភាវិទ្យាសាស្រ្ដ វេជ្ជសាស្រ្ដចិន ជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា៕