(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយមេដឹកនាំសំខាន់ៗមួយចំនួន និងបានអញ្ជើញអធិបតីក្នុងពិធីជួបជុំប្រចាំឆ្នាំ២០២៣ របស់លេខាធិការដ្ឋានអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ជាស្តែងនៅព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លោក Bernardino Moningka Vega ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហការ និងការចូលរួមរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់អាស៊ាន ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន ដល់ប្រជាជនអាស៊ាន។

នៅព្រឹកដដែលនេះបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឱ្យលោក Ashraf Mohamed Moguib Sultan ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន ចូលជួបជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអេហ្ស៊ីប ជាពិសេសក្នុងវិស័យជាក់លាក់នានា ដែលជាការចាប់អារម្មណ៍ និងផ្តល់ប្រយោជន៍រួម។

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣  នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Sarah Tiffin ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការចាប់អារម្មណ៍ និងកង្វល់រួម។

នៅរសៀលដដែលនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានទទួលជួបគណៈប្រតិភូពីក្រសួងការបរទេស និងអឺរ៉ុបនៃសាធារណរដ្ឋបារាំង។ នៅក្នុងឱកាសនោះភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈអំពីកាលានុវត្តភាពនានា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង ព្រមទាំង ពិភាក្សាគ្នាអំពីនិន្នាការបច្ចុប្បន្ន នៅក្នុងតំបន់។

ដោយឡែកនៅល្ងាចថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣នវ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំប្រចាំឆ្នាំ២០២៣ របស់លេខាធិការដ្ឋានអាស៊ាន។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានប្រគល់ពានរង្វាន់បំពេញការងាររយៈពេល (Long Service Award) ដល់បុគ្គលិកលេខាធិការដ្ឋានអាស៊ានជាង ១០០ រូប ដែលបានបម្រើការងារលើសពីរយៈពេល ១០ ឆ្នាំ ១៥ ឆ្នាំ ២០ ឆ្នាំ និង ២៥ ឆ្នាំ។

ពានរង្វាន់បំពេញការងាររយៈពេលដែលជាផ្នែកមួយនៃកម្មវិធីទទួលស្គាល់ស្នាដៃបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន គឺជាគំនិតផ្តួចផ្តើមមួយទៀតរបស់លោកបណ្ឌិត កៅ គឹមហួន ដើម្បីថ្លែងអំណរគុណ និងទទួលស្គាល់ពីការខិតខំប្រឹងប្រែងធ្វើការងាររបស់បុគ្គលិកលេខាធិការដ្ឋានអាស៊ាន ក្នុងការបម្រើឱ្យអាស៊ាន និងប្រទេសសមាជិកអាស៊ាន៕