(សៀមរាប)៖ ដើម្បីរក្សាតម្លៃជាសកលនៃតំបន់រមណីយដ្ឋានអង្គរបន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​នោះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំយកប្រជាពលរដ្ឋចេញពីដីតំបន់រមណីយដ្ឋានអង្គរ ដោយផ្តល់ដីនៅ​តំបន់​អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង។

ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។

ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មីជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីកាត់បន្ថយនូវការ​លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ​ដីលំ​នៅ​ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀប​ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន​ដូចជា​ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញ​លូ​​រំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បាន​ណែ​នាំឱ្យសាងសង់​បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ។

ក្រៅពីនោះដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បណ្ណ​ក្រី​ក្រ​កម្រិត១​ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទី​តាំង​​ខាងលើនេះ។

លោក ជួន សុខា ជាប្រជាពលរដ្ឋមួយរូបដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ។ លោកបានចូលមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯករយៈពេលប្រមាណមួយឆ្នាំមកហើយ។

លោក សុខា ពេញចិត្តនឹងការមករស់នៅរុនតាឯក ព្រោះបានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ២០ម៉ែត្រ គុណ​នឹង ៣០ម៉ែត្រ ហើយអាចសង់លំនៅឋានតាមការចង់បានរបស់ខ្លួន។

បើទោះបីជាយ៉ាងណា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅរុនតាឯកឱ្យកាន់តែល្អប្រសើរថែមទៀតនោះ លោក សុខា បានលើកជាសំណូមពរមួយចំនួនផងដែរ។ លោកបានសំណូមឱ្យមានការរៀបចំបង្កើតជា​មូល​ដ្ឋានការងារនៅក្បែរ ឬនៅតំបន់រុនតាឯកតែម្តង ដើម្បីពលរដ្ឋមានការងារធ្វើមិនលំបាក​ឡើងទៅរក​នៅក្នុងក្រុងសៀមរាប។

លោក សុខា ក៏បានស្នើឱ្យអាជ្ញាធរឱស្សាហ៍ចុះទៅកាន់តំបន់រុនតាឯក ដើម្បីបានដឹងពីស្ថានភាពនៃការ​រស់​នៅរបស់ពួកគាត់។

បន្ថែមពីលើនេះ លោក សុខា ក៏បានសំណូមពរឱ្យអាជ្ញាធរដាំដើមឈើនៅតាមដងផ្លូវ ដើម្បីបង្កើតគម្របបៃតង៕