(ព្រះសីហនុ)៖ ដោយទទួលបានការអនុញ្ញាតពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្ដីពីការដោះស្រាយគម្រោងវិនិយោគជាប់គាំង និង យន្តការបរធនបាលកិច្ច ដល់រដ្ឋបាលសាលាខេត្ត ធុរជនជាតិ និងបរទេស និងបុគ្គលពាក់ព័ន្ធនៅសណ្ឋាគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ, លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលដៅដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីបរធនបាលកិច្ច ដែលជាផ្នែកមួយនៃដំណោះស្រាយក្នុង “វិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាលសម្រាប់ដំណោះស្រាយគម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុ” ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង/ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តព្រះសីហនុ, សភាពាណិជ្ជកម្មខេត្តព្រះសីហនុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ សមាគមវិនិយោគិនចិន និងសមាគមធុរកិច្ចពាក់ព័ន្ធ៕