(ភ្នំពេញ)៖ នៅក្នុងខួប៥០ឆ្នាំនៃការកត់ត្រាព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជានៅឆ្នាំ១៩៧៣ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឆ្នាំ២០២៣នេះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានបកប្រែកំណត់ត្រារបស់ទ្រង់នៅក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា» ដោយលោក ឆាំង យុ និងអ្នកស្រី សុភ័ក្រ្ត ភាណា ពីភាសាអង់គ្លេសមកជាភាសាខ្មែរដើម្បីបោះពុម្ព និងផ្សព្វផ្សាយ។

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា» ជូនសាធារណជន បានចំនួន ៨០២៤០ ក្បាល រួចមកហើយ។

នៅដើមឆ្នាំ២០២៤ ខាងមុខ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ»  នឹងបន្តចែកសៀវភៅនេះ ទៅតាមការស្នើសុំនានាពីសាធារណជន ជាពិសេសប្រជាជនកម្ពុជាដែលរស់នៅតាមទីជនបទដាច់ស្រយាល។

សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា» គឺជាព្រះរាជសំណេរដើមរបស់ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាភាបារាំង ហើយបានបកប្រែមកជាភាសាអង់គ្លេស ដោយមិនមានការកែសម្រួល ហើយបានឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់ហ្លួងម៉ែផ្ទាល់។

សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា» រៀបរាប់អំពីព្រះរាជដំណើរសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ យាងមកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា ក្នុងឆ្នាំ១៩៧៣ ដោយចេញព្រះរាជដំណើរពីទីក្រុងប៉េកាំង មកទីក្រុងហាណូយ ហើយបន្តតាមផ្លូវលំហូជីមិញ និងផ្នែកខ្លះនៃប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា។

ក្នុងរយៈពេល៣៩ថ្ងៃនៃព្រះរាជដំណើរ ហ្លួងម៉ែ បានសរសេរកំណត់ហេតុជារៀងរាល់ថ្ងៃ ព្រមទាំងបង្ហាញឲ្យឃើញពីភាពទន់ភ្លន់ និងសេចក្ដីថ្លៃថ្នូររបស់ព្រះអង្គ ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងចលាចលយ៉ាងណាក៏ដោយ។

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ទទួលស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិ អង្គទូត អគ្គរដ្ឋទូត និងរាជទូតមកពីបណ្តាប្រទេសនានា មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សិស្ស និសិ្សត និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនានាមកទស្សនកិច្ច សិក្សា ស្រាវជ្រាវ និងទស្សនាពិព័រណ៍រូបថតប្រវត្តិសាស្រ្តនៃព្រះរាជសកម្មភាព និងរាជកិច្ចរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕