(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួប លោក លី ដៅសុង (LI DAOSONG) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co. Ltd (BUCG) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុនចិននេះ បន្តនាំយកបច្ចេកវិទ្យាថ្មីៗ និងទំនើប មកអភិវឌ្ឍវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជាបន្ថែមទៀត

នៅក្នុងជំនួប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លី ដៅសុង ប្រធានក្រុមហ៊ុន BUCG និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និង បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន BUCG ដែលបានវិនិយោគលើគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ក៏ដូចជាការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់លើការពង្រឹងការធ្វើនគរូបនីយកម្ម និងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា។

សម្តេចធិបតី បានបន្ថែមថា ឆ្នាំនេះជាខួបទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ សម្តេចធិបតី មានសេចក្តីសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ រវាងកម្ពុជា-ចិន មានការវិវត្តរីកចម្រើនជាលំដាប់។

លោក លី ដៅសុង បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយ ពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនា ឱកាសនេះ និងបានសម្តែងនូវការកោតសរសើរចំពោះ សម្តេចធិបតី ដែលបញ្ជាក់ថា ក្នុងតួនាទីដឹកនាំរបស់ សម្តេចធិបតី ក្នុងរយៈពេលជាង៣ខែកន្លងនេះ បាននាំកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងភាពរុងរឿងជានិរន្តរ ហើយតាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងជំរុញឱ្យកម្ពុជាកាន់តែរីកចំរើន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ លោក ដៅសុង ក៏សូមផ្ញើនូវការសួរសុខទុក្ខចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងជំនួបនោះដែរ លោក លី ដៅសុង ក៏ បានគោរពជម្រាបជូន សម្តេចធិបតី ពីសាវតារបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក កំពុងតែធ្វើអាជីវកម្មនៅតាមបណ្តាប្រទេសចំនួន ៣៨ ជុំវិញពិភពលោក ហើយក៏ជាក្រុមហ៊ុនធំលំដាប់ទី១៣ លើពិភពលោកផ្នែកសំណង់ ដែលផ្ដោតសំខាន់ទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សួនបៃតងក៏ដូចជា ការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់។ បន្ថែមលើនេះ លោក លី ដៅសុង ក៏បានគោរពជម្រាបជូនអំពីគម្រោង មួយចំនួនដែលក្រុមហ៊ុន បាននិងកំពុងវិនិយោគ និងបញ្ចប់ការវិនិយោគនៅកម្ពុជា ដូចជាការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធបង្ហូរ និងស្តុកទឹកកខ្វក់ នៅខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ព្រមទាំងគម្រោងមួយ ចំនួនដែលក្រុមហ៊ុនកំពុងសិក្សាទៅលើការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្តផ្សេង ទៀត។ លោក លី ដៅសុង ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញ ប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងកិច្ចការពារបរិស្ថានទឹកនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះក្រុមហ៊ុន BUCG ដែលសម្រេចបាននូវសមិទ្ធផលធំៗទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាដែលក្រុមហ៊ុនកំពុង ប្រតិបត្តិការអាជីវកម្ម។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលបានបណ្តាក់ ទុនវិនិយោគនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តនាំយកបច្ចេកវិទ្យាថ្មីៗ និងទំនើបដើម្បីមកអភិវឌ្ឍវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជាបន្ថែមទៀត ដើម្បីធានានូវបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ ចំពោះ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងកិច្ចការពារបរិស្ថានទឹក សម្តេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ក៏ដូចជាវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សាលម្អិត លើគម្រោងនេះ និងបញ្ជូនអ្នកបច្ចេកទេស ឬអ្នកជំនាញកិច្ចការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញខាងលើមកកម្ពុជា។ សម្តេចធិបតី ក៏បាន លើកទឹកចិត្ត ឱ្យក្រុមហ៊ុន វិនិយោគលើវិស័យសក្តានុពលផ្សេងៗទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរដល់ លោក លី ដៅ សុង និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យ បន្ថែមក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងមាតុភូមិនិវត្តន៍វិញប្រកបដោយសុខសុវត្ថិភាព៕