(ភ្នំពេញ)៖ លោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់អំពីសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំតវ៉ា នៅក្នុងប្រទេសកម្ពុជា ដោយលោកបញ្ជាក់ថា ការជួបជុំសម្តែងមតិ ដោយមិនមានការសហការ និងអនុញ្ញាតពីអាជ្ញាធរ ហើយបង្កចលាចល ឬបង្កអសន្តិសុខនោះ គឺមិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានបញ្ជាក់ដូច្នេះថា៖ «ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច ដោយគោរពនូវវិធានការច្បាប់ សុវត្ថិភាពសុខភាពសាធារណៈ គឺជាការអនុវត្តនូវសិទ្ធិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់យើងផងដែរ»។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងរៀបចំនូវវេទិកាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ បានបញ្ចេញមតិ និងបង្ហាញកង្វល់ផ្សេងៗ ដែលចំណុចនេះ ជាការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ។

មន្រ្តីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់បន្ថែមថា «ប៉ុន្តែប្រសិនបើការជួបជុំតវា សម្តែងមតិ ដោយមិនមានការសហការ ដោយមិនមានការជូនដំណឹងដល់អាជ្ញាធរ ហើយប៉ះពាល់ទៅដល់វិធានការ សន្តិសុខសាធារណៈ បង្កហិង្សាបង្កចលាចល នេះមិនមែនជាសេរីភាព នៃការបញ្ចេញមតិនោះទេ ប៉ុន្តែជាអំពើល្មើសច្បាប់ទៅវិញ ហើយសមត្ថកិច្ចត្រូវតែមានវិធានការដើម្បីទប់ស្កាត់»។

លោកបានបញ្ជាក់បន្ថែមទៀតថា៖ ការបញ្ចេញមតិដោយបំផ្លើស បំភ្លៃ លើព័ត៌មានមិនពិត មានចេតនាទុច្ចរិត បង្កចលាចល ដល់សន្តិសុខជាតិ ក៏ជាបទល្មើសដែរ៕