(កណ្តាល)៖ នាល្ងាចថ្ងៃអាទិត្យទី២១ ខែសីហានេះនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាល ជាមួយកម្មករ កម្មការនី មកពីបីឃុំ គឺ ឃុំដើមឫស ឃុំរកា និងឃុំរលាំងកែន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង ។
ក្នងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានពាំនាំនិងផ្តាំផ្ញើនូវការសាកសួសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្មួយៗ កម្មករកម្មការនីផងដែរ។
នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូរជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយសម័យនោះពុំមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិ ចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលខិតខំតស៊ូ ហ៊ានប្តូរជីវិត សាច់ស្រស់ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេស តាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយថាបើគ្មានថ្ងៃ៧មករាទេ ក៏ក្មួយៗគ្មានការងារធ្វើ និងមានសិទ្ធិដើរហើរគ្រប់ទីកន្លែង គ្រប់ពេលវេលា ដូចពេលនេះដែរ។ ដូច្នេះក្មួយៗ ត្រូវគិតពិចារណា កុំចាញ់បោកការញុះញុង ជនមួយចំនួនដែលនាំក្មួយៗទាំងអស់ធ្វើបាតុកម្មផ្សេងៗ ដែលជាអំពើខុសច្បាប់ឲ្យសោះ។
នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់កូនៗ ក្មួយៗ កម្មករ កម្មការនី ទាំងអស់ត្រូវធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ខែកញ្ញា ខាងមុខនេះ រហូតដល់ខែវិច្ឆិការខាងមុខនេះ។
ក្រោយពីបញ្ចប់កម្មវិធីនាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូន ក្មួយៗកម្មករ កម្មការនី ផងដែរ៕