(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សន្តិភាព គឺជាការធានារ៉ាប់រងសិទ្ធិជាមូលដ្ឋាន បើអត់មានសន្តិភាព សិទ្ធិរស់រានមានជីវិតរបស់យើងក៏ផុយស្រួយ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោក ប៉ែន បូណា បានរំលឹកអំពីវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៨ ដែលបានធ្វើការលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពពេញលេញ និងសិទ្ធិរស់រានមានជីវីត។
លោកបញ្ជាក់ដូច្នេះថា៖ «សន្តិភាពនេះ ជាការធានារ៉ាប់រងសិទ្ធិជាមូលដ្ឋានរបស់យើង គឺសិទ្ធិរស់រានមានជីវិត ព្រោះថាបើសិនជាយើងអត់មានសន្តិភាព សិទ្ធិរស់រានមានជីវិតរបស់យើងក៏ផុយស្រួយ»។
លោកបានបន្តថា សន្តិភាព ត្រូវបានចាត់ទុកថា ជារបស់សំខាន់ណាស់សម្រាប់កម្ពុជា ដូច្នេះបេសកកម្មរបស់រាជរដ្ឋាភិបាល តាំងពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ គឺជាការផ្តល់ជូនប្រជាពលរដ្ឋខ្មែរនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិផ្សេងៗទៀត ដែលជាសិទ្ធិចាំបាច់ក្នុងការរក្សាអាយុជីវិតប្រជាពលរដ្ឋ។
កម្ពុជាទទួលបានសន្តិភាពពេញលេញ ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៨ ដោយរាប់ចាប់តាំងពីជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដែលដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនេះ កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា ពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន គឺជាបេសកកម្មនៃការលះបង់ដ៏ធំធេងរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីសិទ្ធិមនុស្ស។
បច្ចុប្បន្នជាដំណាក់កាលមួយដែលកម្ពុជារៀបចំបន្តវេន រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានដាក់ទិសដៅមួយថ្មីទៀត គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីរុញប្រទេសកម្ពុជា ឱ្យទៅជាប្រទេសចំណូលខ្ពស់។
ទោះជាយ៉ាងនេះក្តី លោក ប៉ែន បូណា បញ្ជាក់ថា «នៅពេលដែលយើងនិយាយពីការអភិវឌ្ឍប្រទេសគ្រប់បែបយ៉ាងនេះ គឺដើម្បីការស់នៅ សេចក្តីថ្លៃថ្នូរ ភាពស៊ីវីល័យ របស់ប្រជាពលរដ្ឋខ្មែរ ហ្នឹងហើយជាបេសកកម្មសិទ្ធិមនុស្ស»៕