(ភ្នំពេញ)៖ លោក Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងថា អត្ថន័យពិតនៃសារព័ត៌មានឯករាជ្យ គឺជាស្ថាប័នព័ត៌មាន ដែលបង្កើតឡើងដោយវិស័យឯកជន។

ការថ្លែងរបស់លោក Digby James WREN បានធ្វើឡើងបន្ទាប់ពីមានមតិយល់ច្រឡំរវាងពាក្យ សារព័ត៌មានឯករាជ្យ (Independent Media) និងសេរីភាពសារព័ត៌មាន (Media Freedom)។ យល់ច្រឡំ នៅត្រង់ថា ឲ្យតែបង្កើតដោយសង្គមស៉ីវិល សុទ្ធតែត្រូវបានគេចាត់ទុកថា ជាសារព័ត៌មានឯករាជ្យ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» អ្នកស្រាវជ្រាវរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាញឹកញាប់ មានការយល់ច្រឡំរវាង សារព័ត៌មានឯករាជ្យ (Independent Media) និងសេរីភាពសារព័ត៌មាន (Media Freedom)។ សារព័ត៌មានឯករាជ្យ មិនមែនមានន័យថា អ្នកមានសេរីភាពទេ ប៉ុន្តែមានន័យថា អ្នកគ្រប់គ្រងយ៉ាងឯកជន, គ្រប់ដោយខ្លួនឯង។ សារព័ត៌មានឯករាជ្យ មានន័យថា អ្នកមិនពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច នយោបាយ និងហិញ្ញវត្ថុ, គ្មានការជ្រៀតជ្រែក»។

បើតាមលោក Digby James WREN ការមានថវិកាខ្លួនឯងដើម្បីបង្កើតស្ថាប័នព័ត៌មាន ក៏ត្រូវគោរពពីសេរីភាពព័ត៌មានដែរ។ ជួនកាល សារព័ត៌មានមួយត្រូវបានហៅថា សារព័ត៌មានឯករាជ្យ ប៉ុន្តែគេមិនដឹងថា អ្នកគ្រប់គ្រងស្ថាប័ននោះឯករាជ្យឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំ​ដោយក្លិបអ្នកកាសែតកម្ពុជា នៅអគារ DIAMOND BUSINESS CENTER កោះពេជ្រ។

វេទិការនេះ​ ក៏ត្រូវបានធ្វើឡើងស្របពេលនឹងការខិតជិតចូលដល់ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ​(១០ធ្នូ )ដែលប្រធានបទខាងលើ មានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា៕