(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣, លោក សាន់ បូរទ្ធិ នាយករងសាខាជាមួយអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងហាវ មន្រ្តីអនុសាខាស្រុកព្រៃនប់ និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន១០គ្រួសារ ក្នុងនោះមាន ស្រុកស្ទឹងហាវ ចំនួន៥គ្រួសារ និងស្រុកព្រៃនប់ចំនួន៥គ្រួសារ ក្នុងខេត្តព្រះសីហនុ។

លោក សាន់ បូរិទ្ធិ បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ លោកប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខ ទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះ នាយករងសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ សូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងជាចុងក្រោយនេះ សូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

សម្ភារផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ ស្មើនឹង២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន១០ម៉ឺនរៀល។ ចំណែកគ្រួសារពិការប្រាំមួយនាក់ ទទួលបាន៖ អង្ករ២បាវ ស្មើនឹង៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន១០ម៉ឺនរៀល៕