(ស្វាយរៀង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ មាន២កំណត់ ប្រវែងសរុប ៤,១០០ម៉ែត្រ ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលទទួលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ 

លោក ផូ ផារិទ្ធ បានលើកឡើងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃដើម្បីធានាឱ្យការអនុវត្តការងារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធានាឱ្យមានប្រសិទ្ធិភាពក្នុងការស្ថាបនាផ្លូវកាន់តែមានគុណភាព និងសោភ័ណភាព។

លោកបានបញ្ជាក់ថា ការស្ថាបនាផ្លូវជនបទនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់សាលារៀន មណ្ឌលសុខភាព និងជាពិសេសការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ 

បន្ថែមលើសពីនេះ លោកក៏បានផ្ដាំផ្ញើដល់ក្រុមមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅតំបន់នោះ ចូលរួមថែរក្សា និងការពារសមិទ្ធផលទាំងនេះដើម្បីការប្រើប្រាស់បានគង់វង្ស យូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់៕