(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការដកអាជ្ញាបណ្ណសារព័ត៌មាន ១ ឬ ២ស្ថាប័ន ដែលបានធ្វើខុសច្បាប់ មិនប៉ះពាល់ដល់សេរីភាពសារព័ត៌មានកម្ពុជា ដែលមានជាង២ពាន់ស្ថាប័ននោះទេ។

ការថ្លែងរបស់ លោក ប៉ែន បូណា បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» បន្ទាប់ពីមានការលើកឡើងថា ខណៈទិវាសិទ្ធិមនុស្សនឹងចូលមកដល់ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ មានការរិះគន់រឿងធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយការបិទវិទ្យុ VOD កន្លងមក។

ជាមួយនឹងការថ្លែងខាងលើ លោក ប៉ែន បូណា ថែមទាំងបដិសេធចំពោះការដាក់រហស្សនាមថា វិទ្យុ VOD ជាស្ថាប័នព័ត៌មានឯករាជ្យចុងក្រោយ ដែលត្រូវបានបិទដោយរាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយនេះ គេលើកយកករណីដកអាជ្ញាបណ្ណព័ត៌មាន ២ ៣ ៤ អញ្ចឹងទៅ ដោយយករឿងហ្នឹងមកវាយតម្លៃស្ថានការណ៍សេរីភាពសារព័ត៌មានកម្ពុជា។ ខ្ញុំសូមជម្រាប ចុះសារព័ត៌មានជាង ២ពាន់អង្គភាព ដែលមានអ្នកសារព័ត៌មានរាប់ម៉ឺននាក់ ដែលកំពុងធ្វើការនៅកម្ពុជា ម៉េចបានក្លាយជាចំណាប់ខ្មាំងរបស់សារព័ត៌មាន ១ឬ២ ដែលប្រព្រឹត្តិខុសច្បាប់ ហើយត្រូវបានគេដកអាជ្ញាបណ្ណ ទៅជាវាយតម្លៃស្ថានភាពរួមរបស់កម្ពុជា ថាកម្ពុជាសេរីភាពសារព័ត៌មានថយចុះ»

បើតាមលោក ប៉ែន បូណា មានរបាយការណ៍ជាហូរហែចេញពីអង្គការមួយចំនួនតូច ឬក៏ស្ថាប័នមួយចំនួនតូច តែងតែធ្វើការវាយតម្លៃអំពីសេរីភាពនៅកម្ពុជា មិនមានសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និង​ស្ថានភាពសិទ្ធិមនុស្សជាដើម ថាប្រទេសកម្ពុជាមានការធ្លាក់ចុះស្ថានភាពសេរីភាពក្នុងការបញ្ចេញមតិ។ លោករំលឹកថា បើមើលបរិបទកម្ពុជា ចេញពីឆ្នាំ១៩៧៩មក អាចហៅថាចេញពីចំណុចសូន្យ ឬអ្នកខ្លះគិតថា ក្រោមសូន្យទៅទៀត នៅពេលកម្ពុជាចាប់ផ្តើមផ្តល់ជូនពលរដ្ឋនូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន រហូតមានសិទ្ធិគ្រប់យ៉ាង ដែលមានរហូតដល់សព្វថ្ងៃ។

លោកបន្ថែមថា មកដល់ពេលនេះ ប្រទេសកម្ពុជាមានសារព័ត៌មានជាង ២ពាន់ស្ថាប័ន អ្នកសារព័ត៌មានរាប់ម៉ឺននាក់ និងបញ្ចេញមតិយោបល់គ្រប់បែបយ៉ាង នៅតាមបណ្តាញសង្គមហ្វេសប៊ុក ហេតុនេះហើយ សេរីភាពសារព័ត៌មានមិនធ្លាក់ចុះទេ។

សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់ថ្លែងថា សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីដែលរួមមានកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តីដែលចុះបញ្ជីនៅក្រសួងព័ត៌មាន មានប្រមាណ ៦៦០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ ប្រមាណ ៨៨០អង្គភាព វិទ្យុFM ចំនួន២២១ស្ថានីយ ទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន ១៩ស្ថានីយ និងផ្សាយបន្ត ចំនួន១៦៥ស្ថានីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យ តំណាងវិទ្យុទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍ មានចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបចំនួន ៥១អង្គភាព៕