(បន្ទាយមានជ័យ)៖ តាមរយៈវីដេអូសម្ភាសន៍ផ្ទាល់ជាមួយប្រពន្ធ និងក្រុមគ្រួសាររបស់លោក កង សារ៉ន ហៅគក់ សុទ្ធតែអះអាងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ពួកគាត់មិនបានត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន ដូចការចុះផ្សាយប្រឌិត របស់វិទ្យុអាស៉ីសេរីនោះទេ។
ពួកគាត់បានបញ្ជាក់ទៀតថា ការជួបជាមួយសមត្ថកិច្ចនគរបាល ខេត្តបន្ទាយមានជ័យ មិនមែនជាការចាប់ខ្លួនអ្វីឡើយ គឺសមត្ថកិច្ចគ្រាន់តែសាកសួរសុខទុក្ខ អំពីជីវភាពរស់នៅរបស់ពួកគាត់ធម្មតា និងផ្តល់នូវជំនួយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមគ្រួសារលោក កង សារ៉ន បានសំណូមពរឱ្យវិទ្យុអាស៉ីសេរី និងអង្គការមួយចំនួនទៀត សូមផ្សព្វផ្សាយ និងផ្តល់នូវព័ត៌មានដែលពិត កុំផ្សព្វផ្សាយនូវព័ត៌មានបំភ្លឺសគ្មានការពិតបែបនេះទៀត។
សូមជម្រាបថា លោក កង សារ៉ន ហៅ គក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជេរប្រមាថជាសាធារណ: និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ៕