Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

07-12-2023 17:17

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្ដាញ Telegram ផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវី សំ សុគង់ សូមជួបតែ សេចក្តីសុខសេចក្តីចម្រើន»

សូមជម្រាបថា លោក សំ សុគង់ ប្រធានមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន បានចេញវីដេអូ និងដាក់លិខិតជាផ្លូវការ គោរពស្នើសុំទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកមេធាវី សំ សុគង់ ដែលមហាជនតែងតែលឺឈ្មោះនៅពេលតវ៉ាក្ដី ឲ្យសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំងម្ដងៗនោះ បានអះអាងថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីគណបក្សប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់តំណែង គឺដោយសារមើលឃើញអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្ដិភាពជូនកម្ពុជា។

លោក សំ សុគង់ បានបន្ថែមទៀតថា ការសម្រេចចិត្តនេះក៏ដោយសារមើលឃើញពីគោលនយោបាយ និងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»

ជាមួយគ្នានេះ លោក សំ សុគង់ ក៏បានធ្វើការថ្កោលទោសទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលតែងតែប្រើប្រាស់នូវពាក្យសម្ដីញុះញង់ ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិ និងសូមអំពាវនាវដល់អ្នកដែលគាំទ្រគណបក្សប្រឆាំងទាំងអស់ សូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសជាតិទៅថ្ងៃអនាគត៕