(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២៨ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែវិច្ឆិកា៖ មានមន្ត្រីចំនួន ៤១៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣៥៦នាក់ និងមន្ត្រី ៦២នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ (ឆ្នាំ២០២៤) ចំនួន១៨.៨៣២រូប។ សម្រាប់ការងារពាក្យប្តឹង អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្តឹងដែលមានក្នុងខែវិច្ឆិកានេះចំនួន ៤៦ពាក្យប្តឹង។

ការងារអប់រំ៖ អ.ប.ព. បានផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចំនួន ០៥មេរៀន ជូនដល់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី ជំនាន់ទី១៩ ចំនួន ០៤លើក ដោយមានសិក្ខាកាមចូលរួមលើកទី១ ចំនួន ១២០រូប លើកទី២ ចំនួន ៨៥រូប លើកទី៣ ចំនួន ៧៨រូប និងលើកទី៤ ចំនួន ៨៥ រូប។ បន្ថែមពីនេះ អ.ប.ព. ក៏បានផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួយ និងក្រមសីលធម៌ ចំនួន ០៦ មេរៀន។

អ.ប.ព. បានចុះផ្សព្វផ្សាយដើម្បីអបអរសាទរទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៣នេះ នៅវិទ្យាល័យ-អនុវិទ្យាល័យ-សាលាអន្តរជាតិ-ផ្សារ-ផ្លូវសាធារណៈ និងក្រុមហ៊ុន ចំនួន ១៤៨ គោលដៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តចំនួន០៧ខេត្ត (ព្រះសីហនុ- កំពង់ចាម-កំពង់ឆ្នាំង-សៀមរាប-កំពត-ព្រៃវែង និងមណ្ឌលគីរី ដោយមានមន្ត្រីរាជការ-លោកគូ អ្នកគ្រូ -សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង ១៣.៨០០នាក់។ អ.ប.ព. បានសហការជាមួយផលិតកម្មសាន់ដេ រៀបចំកម្មវិធីប្រគុំតន្ត្រីអបអរសាទរទិវាជាតិ- អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការតាមក្រសួង ស្ថាប័ន សិស្ស និស្សិត និងប្រជាពលរដ្ឋ។

ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចាត់តាំងមន្ត្រី អ.ប.ព. រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. ចំនួន ២៩៧រូប និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.០៤០រូប សម្រាប់សង្កេតការណ៍លើដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដើម្បីទប់ស្កាត់បាតុភាពមិន ប្រក្រតីនានារាប់ទាំងបាតុភាពនៃអំពើពុករលួយ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ មានបេក្ខជនប្រឡងចំនួន ១៣៧.៤១២ នាក់ ដោយបែងចែកជា ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ នៅទូទាំងប្រទេស។ អ.ប.ព. កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការប្រឡងនេះគឺបានដំណើការដោយតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួលយកបានតាមស្មារតី អ្នកចេះ គឺជាប់។

អ.ប.ព. បានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និងខេត្ត ព្រៃវែង។ ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ១៨ គម្រោងរបស់ អង្គភាពលទ្ធកម្ម ចំនួន ០៦អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕