(ភ្នំពេញ)៖ លោកស្រី ដេបូរ៉ា កូមីនី (Debora Comini) ប្រធានប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃអង្គការយូនីសេហ្វ បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងរជាមួយបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជម្រុញចលនាភូមិ១ផលិតផល១ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោកស្រី ដេបូរ៉ា កូមីនី (Debora Comini) បានស្នើដល់បណ្ឌិតសភាចារ្យ ជួយជំរុញការបំបៅកូនដោយទឹកដោះម្តាយ និងស្នើសុំជួយអន្តរាគមន៍ ក្នុងការពន្យារមាតុភាពរហូតដល់ ១៨៣ថ្ងៃ និងសូមយកចិត្តទុកដាក់បន្ថែមទៀត ដល់អាហារប៉ះពាល់ដល់សុខភាព ដូចជា បារី ស្រា ភេសជ្ជៈផ្អែមជាដើម និងសូមស្នើឲ្យបង្កើនពន្ធលើផលិតផលទាំងនេះ។

ជាមួយនោះ អង្គការយូនីសេហ្វ នឹងសហការជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យធ្លាក់ចុះនូវអត្រាជម្ងឺមិនឆ្លង ការធាត់ជ្រុល និងជម្ងឺស្គមស្គាំងរបស់កុមារ។

លោកស្រីក៏បានស្នើសុំធ្វើការសិក្សាទៅការចំណាយ ដើម្បីឆ្លើយបតនឹងភាពស្គមស្គាំងរបស់កុមារផងដែរ។ ទន្ទឹមនឹងនោះ ក៏សូមគិតគូពីការផ្តល់អាហារសុខភាពដល់កុមារ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ មួយវិញទៀត សូមជំរុញការផ្លាស់ប្តូរឥរិយាបទរបស់កសិករ ដែលប្រើប្រាស់ជីគីមីមិនបានត្រឹមត្រូវ ធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ និងហូរចូលទៅប្រភពទឹក ធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ពលរដ្ឋប្រើប្រាស់។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានឯកភាព ចំពោះការលើកឡើងរបស់អង្គការយូនីសេហ្វ និងបានបញ្ជាក់ថា លោកនឹងស្នើទៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការសិក្សាពីការចំណាយ សម្រាប់កែលម្អភាពស្គាំងស្គមរបស់កុមារ ព្រោះតាមតួលេខ នៅមានអត្រាខ្ពស់នៅឡើយ។

លោកបណ្ឌិតសភាចារ្យ ក៏បានស្នើសុំអង្គការយូនីសេហ្វ បន្តជួយដល់ក្រុមការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត និងជួយលើវិស័យទឹកស្អាត និងអនាម័យ សុខាភិបាល ការគាំពាំសង្គម និងវិស័យអប់រំ ដើម្បីរួមចំណែកសម្រេចបានជោគជ័យ នូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕