(ប៉ែលិន)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកស្រីប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការ រួមសហការដោយអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានអញ្ជើញចុះប្រគល់ និងដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ចំនួន០៣ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ផ្តល់ជូនដល់កងកម្លាំងនគរបាលឈរជើងការពារព្រំដែនគោក និងប្រជាពលរដ្ឋរស់នៅតំបន់ភ្នំខ្សែក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។
លោក អ៉ី ឈាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំង និងប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ខេត្តប៉ៃលិនទាំងអស់ ដោយជានិច្ចជាកាលសម្តេចបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈយន្តការផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគ្រប់ថ្នាក់ និងអ្នកតំណាងរាស្រ្តគ្រប់មណ្ឌល របស់រាជរដ្ឋាភិបាល។
លោក អ៉ី ឈាន ក៏បានសំណូមពរដល់អ្នកទទួលផលទាំងអស់ សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាអណ្តូងនេះឱ្យបានល្អគង់វង្សយូរអង្វែងដើម្បីធានាការ ប្រើប្រាស់បានយូរ និងបានអំពាវនាវឲ្យបងប្អូនទាំងអស់ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សូមអញ្ជើញដាក់ពាក្យស្នើសុំ និងបំពេញបែបបទធ្វើឲ្យ បានគ្រប់ៗគ្នា ដោយលោក នឹងសហការណ៍ជាមួយស្នងការនគរបាលខេត្តប៉ៃលិន រៀបចំក្រុមការងារចុះចល័តធ្វើជូនដល់មូលដ្ឋានផ្ទាល់ នាពេលខាងមុខឆាប់ៗនេះ ផងដែរ។
សូមជម្រាបថា តាមការគូសបញ្ជាក់របស់លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានឲ្យដឹងថា អណ្តូងផ្តល់ជូននាពេលនេះ មិនមែនជាសមិទ្ធផល ចុងក្រោយទេ សម្តេចនិងផ្តល់ជូនជាបន្តបន្ទាប់គ្រប់ទិសទីថែមទៀត រហូតដល់បងប្អូនប្រជាពលរដ្ឋឈប់ជួបការលំបាក ក្នុងបញ្ហាខ្វះទឹកប្រើប្រាស់៕