(ភ្នំពេញ)៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ហួត ហៃ បានធានាថា នឹងយកសំណើ សំណូមពរ លាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ជូន គណៈអភិបាលរាជធានី ភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់ ប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាប នៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ត្រូវបានបញ្ចប់។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ សូមធានាថា នឹងលើកយករាល់មតិយោបល់សំណួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យ និងពិចារណា ព្រមទាំងចាត់អាទិភាព ដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែ ប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌនៃរាជធានី ឲ្យកាន់តែ មានតម្លាភាព និងប្រសិទ្ធភាព។

ការធានាបែបនេះរបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទីធ្លាវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា និងជាតំណាង លោក ម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើនទៀត ។

លោក ហួត ហៃ បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈនេះថា បងប្អូនប្រជាពលរដ្ឋបានលើកឡើងបញ្ហាយ៉ាងច្រើន ពាក់ព័ន្ធទៅលើវិស័យសាធារណការ ក្រៅពីនេះ បញ្ហាបរិស្ថាន រដ្ឋាករទឹក (សុំតបណ្តាញទឹកស្អាត) វិស័យអប់រំ, ការស្នើសុំស្ថាបនាទីវត្តអារាម, វិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ក៏ជាបញ្ហាដែលបានលើកឡើង ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយផងដែរ។

លោកបន្តថា ពាក់ព័ន្ធទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបញ្ហាសុំសោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ការស្ថាបនាផ្លូវ លូប្រឡាយ ការដាក់ស្លាកសញ្ញាចរាចរ… ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ធ្វើការដោះស្រាយភ្លាមៗ នៅនឹងទីកន្លែងតែម្តង។

ប៉ុន្តែលោក ហួត ហៃ បញ្ជាក់ជូនថា ការស្នើសុំស្ថាបនាទីវត្តអារាម គឺរដ្ឋមិនមានកញ្ចប់ថវិកាសម្រាប់កសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមនោះទេ។ ថវិកា ឬបច្ច័យដែលបានមកនៅក្នុងការសាងសង់ព្រះវិហារ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវត្តអារាមនោះ គឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទ ឬសប្បុរសជននានា ដែលភាគច្រើន នៃបច្ច័យទាំងនោះ បានមកពីការធ្វើបុណ្យផ្កាក៏ដូចជា បុណ្យកឋិនទានជាដើម។

នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណូមពរផ្ទាល់មាត់មានចំនួន១៩បញ្ហា និងសំណើ សំណូមពរ ជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន៥៥ច្បាប់។ ក្នុងនោះ លោក ជួប ខុន បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ជាដើម។

តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមកនោះ តើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋលើកឡើង ពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរ ឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងមូល៕