(កំពង់ធំ)៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ១២ លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២៣ ។

លោក ងួន រតនៈ ​បានបង្ហាញការស្វាគមន៍ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទីនៅលើទឹកដីខេត្តកំពង់ធំ។ ការបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទី​នាពេលនេះ គឺជាកាយវិកាល្អ ដើម្បីជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យស្វាយចន្ទី។​ ​

លោកបន្តថា ​ខេត្តកំពង់ធំ មានវិសាលភាពផ្ទៃដីធំទូលាយណាស់ ក្នុងចំណោមផ្ទៃដី១៥ពាន់គីឡូម៉ែត្រការ៉េ​ ដែលមានសក្ដានុពលស្រូវ​ និងដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី។  ​​

លោក​លើកឡើងថា កន្លងមក​ប្រជាពលរដ្ឋក្នុងខេត្ត​ខ្លះកាប់កៅស៊ូ ដាំស្វាយចន្ទី កាប់ស្វាយចន្ទី ដាំកៅស៊ូ ដោយសារគាត់មិនមានភាពច្បាស់លាស់ កាលណា​ផលិតផលណាថ្លៃ ពួ​គាត់នឹងរត់ទៅដាំដំណាំនោះ ហេតុនេះហើយលោក សំណូមពរដល់សមាគមស្វាយចន្ទី​បង្កើនការផ្សព្វផ្សាយពីគោលការណ៍ ​ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពី​ផែនការ​ និងកិច្ចសហការរវាងសមាគម វិស័យឯកជន និងអ្នកដាំឲ្យស៊ីសង្វាក់គ្នា​។

តំណាងក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី បានលើកឡើងថា ​មូលហេតុដែលលោកជ្រើសរើសវិនិយោគសាងសង់រោងចក្រនៅកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្ត​ដែលដាំស្វាយចន្ទីច្រើនជាងគេ។ ​លោកបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយលោកនឹងបន្តផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃទៀតឲ្យចូលមកវិនិយោគនៅកម្ពុជា។

លោកបន្តថា «អ្នកវិនិយោគខ្លះក៏មានការភាន់ច្រឡំដោយសារការបកស្រាយមួយចំនួន ដែលជាភាពអវិជ្ជមានសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំនៅទីនេះ គឺខ្ញុំឃើញច្បាស់ថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អ ដោយធ្វើឲ្យអ្នកវិនិយោគ មានទំនុកចិត្ត។»

​​លោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារនេះ ចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ ប្រើទុនវិនិយោគ ៥លានដុល្លារ និងដំណាក់កាលទី ២ប្រើទុន៧ លានដុល្លារ។ ​រោងចក្រនេះមានទំហំរោងចក្រ១២,៨០០ ម៉ែត្រការេ លើផ្ទៃដី១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ៤០តោនក្នុងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០នាក់ សាងសង់ដោយក្រុមហ៊ុន CSNC Agriculture។

លោកបន្តថា ​ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុននឹងកែច្នៃសំបុកត្រចៀកកាំ និង​ដំឡូងមីផងដែរ​៕