(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានសម្រេចផ្លាស់ប្ដូរតួរនាទីលោកគ្រូ ឡុង ស៊ីដាវុធ គ្រូឯកទេសគណិតវិទ្យា និងជាប្រធានគណៈកម្មការ អភិវឌ្ឍន៍វិទ្យាល័យព្រះបាទសុរាម្រឹតនៅក្នុងក្រុងកំពង់ឆ្នាំង ទៅបំពេញភារកិច្ចថ្មីនៅមន្ទីរអប់រំខេត្ត។

ការផ្លាស់ប្តូរនេះបាននាំឲ្យផ្ទុះការតវ៉ាធ្វើឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សគណៈគ្រប់គ្រង និងគាំទ្រសាលា ធ្វើញត្តិគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ ចំនួន៤ច្បាប់ មានស្នាមមេដៃចំនួន២៨៨នាក់ និងមានដាក់ទាំងលេខទូរស័ព្ទ ផងនោះ បានបដិសេធលិខិតបង្គាប់ការខាងលើនេះ ដោយសុំឱ្យលោកគ្រូ ឡុង ស៊ីដាវុធ នៅធ្វើការងារដដែលនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត។

ញត្តិគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ រួមមាន៖

*ទី១៖ លិខិតចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោកប្រធាន និងអនុប្រធានគណៈកម្មការទ្រទ្រង់សាលារៀន ចុះហត្ថលេខាដោយលោក ហ៊ុន ហុកឡេង និងព្រះតេជគុណ ឆន ឆុង (ព្រះអនុគណក្រុងកំពង់ឆ្នាំង)
*ទី២៖ លិខិតរបស់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ដែលមានស្នាមមេដៃ ៦នាក់ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
*ទី៣៖ មានស្នាមមេដៃសិស្សពូកែគណិតវិទ្យាចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស និងសិស្សពូកែនិទ្ទេស A នៃវិទ្យាល័យព្រះបាទសុរាម្រិតចំនួន៦នាក់ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
*ទី៤៖ មានស្នាមមេដៃ និងលេខទូរស័ព្ទ ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត និងអាណាព្យាបាលសិស្សសប្បុរសជនសរុបចំនួន២៧៤នាក់។ ញត្តិទាំង៤ខាងលើនេះមានអ្នកផ្ដិតមេដៃគាំ ទ្រមិនឲ្យដកលោកគ្រូ ឡុង ស៊ីដាវុធ សរុបចំនួន២៨៨នាក់។

ខ្លឹមសារសំខាន់ៗនៅក្នុងញត្តិទាំង៤ បានបញ្ជាក់ថា លោកគ្រូ ឡុង ស៊ីដាវុធ ជាគ្រូឯកទេសគណិតវិទ្យាដ៏ឆ្នើមមានស្នាដៃជាគ្រូគំរូនៅក្នុងទូទាំងប្រទេស ដែលបានបង្រៀនសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិតប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិជាប់និទ្ទេស A ជាច្រើននាក់ផងដែរ។ លោកគ្រូបានបំប៉នសិស្សជាប់ជាសិស្សពូកែ គណិតវិទ្យាថ្នាក់ខេត្តបាន៦នាក់ និងទូទាំងប្រទេសបានចំណាត់ថ្នាក់លេខ៥ ចំនួន០១នាក់ បំប៉នសិស្សគណិតវិទ្យាបានចំណាត់ថ្នាក់ល្អលើសគេ ទូទាំងប្រទេស ហើយត្រូវបាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បំពាក់មេដាយថ្នាក់ធិបឌិន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះផងដែរ។

ក្នុងរយៈពេលបំពេញការងារជាគ្រូឯកទេសគណិតវិទ្យារយៈពេលជាង ៣០ឆ្នាំ លោកគ្រូមិនដែលត្រូវបានក្រុមប្រឹក្សាវិន័យក្នុងសាលាដាក់វិន័យលើកំហុសរបស់គាត់ណាមួយនោះឡើយដឺរ។ ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ លោកគ្រូ ឡុង ស៊ីដាវុធ ក្នុងនាមជាគណៈកម្មការអភិវឌ្ឍន៍វិទ្យាល័យព្រះបាទសុរាម្រិត លោកគ្រូ បានកៀរគរសប្បុរសជន ដែលជាអតីតសិស្សវិទ្យាល័យចូលរួមថវិកាបានជិត៦ម៉ឺនដុល្លារ យកមកកសាងសមិទ្ធិផលនានានៅក្នុងវិទ្យា ល័យឲ្យមានបរិស្ថានល្អស្រស់បំព្រង ធ្វើឱ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សរាប់ពាន់នាក់ព្រមទាំងអាណាព្យាបាលសិស្ស និងគណៈគ្រប់គ្រងទ្រទ្រង់សាលាពេញចិត្តចំពោះការអភិវឌ្ឍន៍ក្នុងសាលារបស់លោកគ្រូ។

ដោយឡែកនៅក្នុងកំណត់ហេតុប្រជុំរវាងប្រធានក្រុមបច្ចេកទេស និងគណៈគ្រប់គ្រងសាលាពិភាក្សាលើបញ្ហារឿងដកលោក គ្រូ ឡុងស៊ីដាវុធ និងការលាឈប់ពីប្រធានគណៈកម្មការគ្រប់គ្រងរបស់ព្រះតេជគុណ ឆន ឆុង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសមាជិកចូលរួមប្រជុំចំនួន១៩នាក់ និងមានចុះហត្ថលេខារបស់លោកស្រី លឿង បញ្ញាវុឌ្ឍ នាយកស្ដីទី វិទ្យាល័យព្រះបាទសុរាម្រិត នៅក្នុងកំណត់ហេតុប្រជុំបានឯកភាពគ្នា១០០% ដោយស្នើសុំថ្នាក់ ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមមេត្តាពិនិត្យលើបញ្ហានេះដោយក្តីអនុគ្រោះ។

ព្រោះបុគ្គលដែលធ្លាប់មានប្រវត្តិមិនល្អ មិនដកបែរ ជាមកដកបុគ្គលដែលមានស្នាដៃដ៏ឆ្នើមមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សាលា និងមានការស្រឡាញ់គាំទ្រពីគ្រប់មជ្ឈដ្ឋានទៅវិញ។ ចំពោះព្រះតេជគុណ ឆន ឆុង ប្រធានគណៈកម្មការគ្រប់គ្រងទ្រទ្រង់សាលា ព្រះអង្គក៏បានសុំលាឈប់ តែត្រូវបានលោកស្រីនាយកស្ដីទីវិទ្យាល័យទូលលោកស្នើសុំកុំទាន់លាលែងចេញពីតំណែងដោយរង់ចាំចប់រឿងលោកគ្រូ ឡុង ស៊ីដាវុធ សិនចាំព្រះអង្គសម្រេចព្រះទ័យជាថ្មី។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោកគ្រូ ឡុង ស៊ីដាវុធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះថា ការផ្លាស់ ប្ដូរលោកគ្រូចេញពីសាលាឱ្យទៅបម្រើការងារនៅមន្ទីរអប់រំខេត្តវិញ ខាងលើនេះ លោកគ្រូក៏មិនបានដឹងពីបំណងរបស់ថ្នាក់ដឹកនាំមន្ទីរនោះទេ ហើយក៏លោកផ្ទាល់ក៏មិនដឹងថា តើលោកគ្រូមានកំហុសអ្វីនោះដែរ តែបើតាមវិន័យសាលាមុននឹងដកហូតបុគ្គលិកសិក្សាណាមួយដោយសារ ការសាងកំហុស គឺត្រូវធ្វើការអប់រំចំនួន៣ដងសិន ករណីនៅតែប្រព្រឹត្តកំហុស នោះទើបធ្វើការផ្លាស់ប្ដូរ ឬក៏ធ្វើការពិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តទៅតាមវិន័យសាលា។

ចំពោះលោកគ្រូវិញលោកមិនអាចមើលឃើញថា លោកគ្រូមានកំហុសអ្វីនោះឡើយ កន្លងមកទាំងការបង្ហាត់បង្រៀនសិស្ស គឺមានការគាំទ្រអាណិតស្រឡាញ់ពីសិស្សានុសិស្សលោកគ្រូអ្នកគ្រូ ពិសេសគឺអា ណាព្យាបាលរបស់សិស្ស មិនតែប៉ុណ្ណោះលោកគ្រូបានកសាងនូវសមិទ្ធផលជាច្រើននៅក្នុងបរិវេណសាលា ដែលថវិកាទាំងអស់នោះបានមកពីការកៀវគរពីសប្បុរសជនដើម្បីយកមកធ្វើការអភិវឌ្ឍនៅក្នុងសាលាឱ្យមានសោភ័ណភាព និងបរិស្ថានល្អផងដែរ តែបើថ្នាក់ដឹកនាំមន្ទីរយល់ថាលោកគ្រូបានសាងកំហុសសូមឱ្យបង្ហាញកំហុសនោះឲ្យលោកគ្រូបានដឹ ងផងតើជាកំហុសអ្វី ព្រោះលោកគ្រូត្រូវការកិត្តិយសនិងសេចក្តីថ្លៃថ្នូរ។

ជុំវិញការផ្ទុះការធ្វើញត្តិគាំទ្រ និងតវ៉ាការចេញលិខិតបង្គាប់ការផ្លាស់ប្ដូរភារកិច្ចលោកគ្រូ ឡុង ស៊ីដាវុធ ឲ្យទៅធ្វើការនៅមន្ទីរអប់រំខេត្តវិញខាងលើនេះ, លោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទឱ្យដឹងថា ការផ្លាស់ប្ដូរភារកិច្ចលោកគ្រូ ឡុង ស៊ីដាវុធ ឲ្យមកធ្វើការនៅមន្ទីរអប់រំខេត្ត គឺលោកគ្រូ ឡុង ស៊ីដាវុធ ពុំមានកំហុសឆ្គងអ្វីនោះទេ ឯការផ្លាស់ប្ដូរនេះក៏ព្រោះតែមន្ទីរអប់រំបង្កើតការិយាល័យថ្មីមួយ ហើយការផ្លាស់ប្ដូរនេះដែរ ខាងក្រសួងអប់រំក៏មានការឯកភាពផងដែរ។ ដូច្នេះបាតុភាពនេះមន្ត្រីក្រសួងអប់រំ បានចុះមកស្រាវជ្រាវធ្វើការហើយពីថ្ងៃមុននេះ ដូច្នេះបញ្ហានេះទុកជូនក្រសួងអប់រំជាអ្នកសម្រេចចុះ៕