(ភ្នំពេញ)៖ សកម្មភាព នៃការលក់ និងទិញវិញ្ញាសានៅមុនថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ នៅជុំវិញបរិវេណ វិទ្យាល័យបាក់ទូក ក៏ដូចជានៅតាមវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ មិនមានសកម្មភាពមមាញឹកដូចបណ្តាឆ្នាំមុនៗទៀតនោះ ឡើយ ពោល គឺមានសភាពស្ងប់ស្ងាត់តែម្តង។
គេនៅចាំបានថា នៅមុនឆ្នាំ២០១៤ ជាពេលដែលក្រសួងអប់រំមិនទាន់ធ្វើកំណែទម្រង់រឹតបន្តឹងការប្រឡងបាក់ឌុបនោះ គេសង្កេតឃើញ ថា នៅជុំវិញបរិវេណសាលានានាក្នុងរាជធានីភ្នំពេញសកម្មភាពទិញ និងលក់វិញ្ញាសាមានសភាពមមាញឹកខ្លាំង ហើយរបរលក់វិញ្ញាសា នេះ ក៏កាក់កបខ្លាំងណាស់ផងដែរ។ តែបន្ទាប់ពីការក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិរបស់លោក ហង់ ជួនណារ៉ុន ចាប់ផ្តើមធ្វើ កំណែទម្រង់រឹតបន្តឹងលើការប្រឡង ដោយមិនអនុញ្ញាតឲ្យសិស្ស យកសំណៅឯកសារ ឬហៅថា ប្រ៊ីយ៉ុងចូលសាលានោះ សកម្មភាព ទិញវិញ្ញាសាចាប់តាំងពីឆ្នាំ២០១៥មក គឺមានសភាពស្ងប់ស្ងាត់ទៅវិញ ហើយរបរលក់វិញ្ញាសាសម្រាប់សិស្សនៅមុនថ្ងៃប្រឡង ក៏លែង កាក់កបផងដែរ។
លោក ហាក់ ធារ៉ា អ្នកប្រកបរបរលក់វិញ្ញាសារនៅកែងវិទ្យាល័យបាក់ទូក បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦នេះថា ការលក់វិញ្ញាសានៅមុនថ្ងៃប្រឡងបាក់ឌុបនាពេលនេះ មិនដាច់ដូចមុនទៀតនោះឡើយ ដោយសារតែក្រសួងអប់រំរឹត បន្តឹង និងធ្វើការឆែកឆេរខ្លាំង ដោយមិនឲ្យសិស្សណាម្នាក់អាចយកវិញ្ញសាចូលបន្ទប់ប្រឡងបាននោះឡើយ។
អង្គុយលើកៅអីព័ទ្ធជុំវិញដោយសៀវភៅកំណែយ៉ាងច្រើនបុរស ដែលមានសម្បុរស ភ្នែកតូចៗទំនងជាប់សែស្រឡាយចិន ហាក់ ធារ៉ា បានបញ្ជាក់ថា «មុនពេលគេរឹតបន្តឹង នៅថ្ងៃប្រឡងជិតមកដល់អ៊ីចឹងសិស្សសម្រុកមកទិញវិញ្ញាសា ព្រោះកាលណុងធូររលុងអ៊ីចឹងសិស្ស សម្រុកមកទិញតែអាថ្ងៃចុងក្រោយទេ ដើម្បីយកទៅមើលនៅក្នុងសាលា។ ដល់ពេលឥឡូវចាប់តាំងពីគេរឹតបន្តឹងចាប់តាំងពីឆ្នាំ២០១៤ មក សិស្សទិញចាប់តាំងពីដើមឆ្នាំ ដើម្បីយកទៅរៀន ហើយដល់ពេលមុនថ្ងៃប្រឡងអត់មានសិស្សសម្រុកមកទិញទៀតទេ»។
នៅមុនពេលធ្វើកំណែទម្រង់រឹតបន្តឹងលើការប្រឡងនេះ ឲ្យតែជិតដល់ថ្ងៃប្រឡងគេ ក៏តែងតែឮពីដំណឹងបែកធ្លាយវិញ្ញាសា តែក្រោយពេល ការប្រឡងចាប់ផ្តើមរឹតបន្តឹងដំណឹងបែកធ្លាយវិញ្ញាសា ក៏លែងមានផងដែរ។ នេះបើតាមការបញ្ជាក់របស់យុវជន ធារ៉ា។
បើទោះបីជាការរឹតបន្តឹងលើការប្រឡងបាក់ឌុប ធ្វើឲ្យរបរលក់វិញ្ញាសានៅមុនថ្ងៃប្រឡងលែងកាក់កបយ៉ាងណាក្តី តែមិនបានធ្វើឲ្យអ្នកប្រ កបរបរលក់វិញ្ញាសា ដូចជាលោក ធារ៉ា មានការអាក់អន់ស្រពន់ចិត្ត ឬទោមនស្សជាមួយការធ្វើកំណែទម្រង់របស់ក្រសួងអប់រំនោះឡើយ ផ្ទុយទៅវិញ គេសប្បាយចិត្តព្រោះឃើញសិស្សខិតខំប្រឹងប្រែងរៀន។ ជាពិសេស បានជំរុញសិស្សឲ្យទៅទិញសៀវភៅកំណែ ក៏ដូចជាលំ ហាត់ផ្សេងៗយកទៅរៀនតាំងពីដើមឆ្នាំ។
យុវជន ធារ៉ា បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសប្បាយចិត្ត ដែលក្រសួងបានរៀបចំអ៊ីចឹងធ្វើឲ្យសិស្សប្រឹងរៀនយកសមត្ថភាពទៅប្រឡងឲ្យជាប់»។
ការប្រឡងបាក់ឌុប ដែលមានសភាពធូររលុង និងត្រូវបានគេចាត់ទុកថាមានកម្សោយខ្លាំងនោះ ត្រូវបានស្តារឡើងវិញចាប់តាំងពីឆ្នាំ២០ ១៤មក បន្ទាប់ពីលោក ហង់ ជួនណារ៉ុន ត្រូវបានរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជ្រើស តាំងធ្វើជារដ្ឋមន្រ្តី។ ភាពធូររលុង នៃការប្រឡងបាក់ឌុបនៅមុនឆ្នាំ២០១៤ បានធ្វើឲ្យសិស្សខ្លះលែងខិតខំរៀន ដោយសំអាងថា ដល់ថ្ងៃ ប្រឡងពួកគេអាចវេចខ្ចប់វិញ្ញាសា និងអាចលួចចម្លងគ្នាបានយ៉ាងងាយស្រួល។ ភាពធូររលុងបែបនេះ បានធ្វើឲ្យគុណភាពចំណេះដឹង របស់សិស្សនៅកម្រិតមធ្យមសិក្សា ក៏ធ្លាក់ចុះផងដែរ។
តែក្រោយការធ្វើកំណែទម្រង់របស់លោក ជួនណារ៉ុន ពាក្យថា «គោបាត់ទើបធ្វើរបង ពេលប្រឡងទើបខំរៀន» ហាក់ត្រូវបានលុបបំបាត់ ហើយបានដាស់ស្មារតីសិស្សៗ ដែលជាទំពាំងរបស់កម្ពុជាភ្ញាក់រលឹកឡើងវិញ ធ្វើឲ្យពួកគេខិតខំរៀន ព្រោះខ្លាចប្រឡងធ្លាក់ ពោលពួកគេ មិនផ្តេកផ្តួលលើប្រ៊ីយ៉ុងដូចមុនទៀតឡើយ។
អ្នកគ្រូ កែវ យុទ្ធារី ជាគ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យ បាក់ទូកបានឲ្យដឹងថា តាមការកត់សម្គាល់របស់អ្នកគ្រូក្រោយការរឹតបន្តឹងនេះ ធ្វើ ឲ្យសិស្សភ្ញាក់រលឹក ហើយខិតខំរៀនខ្លាំង បើធៀបនឹងពេលមិនទាន់ធ្វើកំណែទម្រង់។ ពេលកំពុងបង្រៀនសិស្សថ្នាក់ទី១១ ត្រៀមចូល ថ្នាក់ទី១២ នៅសាលាជ័យថាវី អ្នកគ្រូ បានឆ្លៀតបញ្ជាក់ប្រាប់ Fresh News ថា «ខ្ញុំសង្កេតឃើញថា ក្រោយពីក្រសួងអប់រំ បានកែ ទម្រង់រឹតបន្តឹងការប្រឡងកុំឲ្យសិស្សចម្លងឯកសារ និងចម្លងគ្នាទៅឃើញថា កូនសិស្សគាត់មានស្មារតីប្រុងប្រយ័ត្នខ្លួនឯង ហើយគាត់ខំ ប្រឹងរៀនឲ្យមានសមត្ថភាពទៅក្នុងការប្រឡងទទួលបាន លទ្ធផលប្រឡងដោយខ្លួនឯងប្រកបដោយលទ្ធផលល្អ។ ហើយគាត់ចូលចិត្ត រៀនជាងកាលពីមុន គាត់មករៀនអត់ដែលខានទេ»។
បើតាមអ្នកគ្រូ កែវ យុទ្ធារី ការរឹតបន្តឹងលើការប្រឡងនេះ ក៏បានជំរុញឲ្យសិស្សទៅរៀនបំប៉នបន្ថែម (រៀនគ) ច្រើនជាងមុនពេលមិនទាន់ រឹតបន្តឹងការប្រឡងផងដែរ។
យុវតី ផនសុផល ចរិយា ដែលខំជិះម៉ូតូស្កាត់តាំងពីព្រែកអញ្ចាញមករៀនបំប៉នបន្ថែមត្រៀមចូលថ្នាក់ទី១២ បានថ្លែងប្រាប់ពេលកំពុង អង្គុយរៀននៅក្នុងសាលាជ័យថាវីថា មុនពេលក្រសួងអប់រំធ្វើកំណែទម្រង់ការរៀនរបស់កញ្ញាហាក់មិនសូវជាសកម្មនោះឡើយ តែក្រោយ ធ្វើកំណែទម្រង់ បានជំរុញឲ្យកញ្ញាប្រឹងប្រែង និងចំណាយពេលវេលាច្រើនជាមួយការរៀនសូត្រ ដោយមិនធ្វេសប្រហេសទៀតឡើយ។
ចរិយា ដែលមានវ័យទើប ១៦ឆ្នាំ កំពុងសិក្សានៅវិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ ជាមួយវង់ភក្រ្តញញឹមញញែមរំលេចដោយវែនតាធំៗ បានបញ្ជាក់ដូច្នេះ «សម្រាប់ខ្ញុំផ្ទាល់គិតថា ការធ្វើអ៊ីចឹងមានភាពល្អប្រសើរខ្លាំង ព្រោះថា បើយើងមកប្រឡង ប៉ុន្តែយើងបើកឯកសារមើល ចម្លងអ៊ីចឹង ប្រឡងបានជាប់មែន ប៉ុន្តែដល់ពេលចូលធ្វើការគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារ។ អ៊ីចឹងបើធ្វើកំណែទម្រង់ទៅ សិស្សៗខិតខំប្រឹងប្រែងវាជាសមត្ថភាពពិត ហើយអាចបំពេញការងារបានល្អ»។
បើតាមចរិយា ការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ មិនត្រឹមតែធ្វើឲ្យសិស្សៗដូចរូបកញ្ញា ប្រឹងប្រែងរៀនសូត្រនោះទេ តែក៏បានធ្វើឲ្យអា ណាព្យាបាលរបស់កញ្ញា រីករាយផងដែរ ព្រោះឃើញកូនខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹងតាមបំណងប្រាថ្នារបស់ពួកគាត់។
ក្រៅពីចរិយា នៅមានសិស្សជាច្រើនទៀត ដែលកំពុងរៀនបំប៉ននៅជ័យថាវី សុទ្ធតែបង្ហាញក្តីសោមនស្សរីករាយជាមួយការធ្វើកំណែ ទម្រង់របស់ក្រសួងអប់រំ។ ពួកគេក៏ចង់ឃើញក្រសួងអប់រំ ក្រៅពីការរឹតបន្តឹងពេលប្រឡងហើយនោះ ជួយធ្វើឲ្យប្រព័ន្ធអប់រំនៅកម្ពុជា កាន់តែមានភាពសម្បូរបែប និងប្រសើរជាងនេះថែមទៀត។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី២២ ខែសីហា សប្តាហ៍ក្រោយនេះ។ ការប្រឡងនេះ មានបេក្ខជនសរុប ៩៣,៧៥២នាក់ ស្រី ៤៥,២៣៧នាក់ ចែកចេញជា ១៥៧មណ្ឌល ស្មើនិង ៣,៧៨១បន្ទប់។
ការប្រឡងនៅឆ្នាំនេះ នៅតែរឹតបន្តឹងដ៏តឹងរឹងដដែល សិស្សទាំងអស់មិនអាចយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិចចូលបន្ទប់ ប្រឡងបានឡើយ។ បេក្ខជន ដែលលួចមើលឯកសារនានា ក៏ដូចជាប្រព្រឹត្តខុសលក្ខន្តិកៈនៃការប្រឡងនឹងត្រូវធ្លាក់ចេញពីការប្រឡង ដោយស្វ័យប្រវត្តិ។
មិនខុសពីឆ្នាំកន្លងទៅ ការប្រឡងនៅឆ្នាំនេះក្រសួងអប់រំ បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដោយដាក់ពង្រាយអ្នក សង្កេតការណ៍ជាង ៦ពាន់នាក់ ដើម្បីតាមដានការប្រឡង។ លទ្ធផលប្រឡងបាក់ឌុបសម្រាប់មណ្ឌលរាជធានីភ្នំពេញ និង ខេត្តកណ្តាល នឹងប្រកាសនៅថ្ងៃទី១៣ ខែកញ្ញា សម្រាប់តាមបណ្តាខេត្តប្រកាសនៅថ្ងៃទី១៤ ខែកញ្ញា៕