(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្តព្រះសីហនុ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍សរុបចំនួន១៥០នាក់ មកពីក្រុង ស្រុកចំនួន៣ នៃខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេសដ៍» ទាមទារឲ្យមានការចូលរួមឲ្យបានពេញលេញ និងការបេ្តជ្ញាចិត្ត។

លោកក៏បានថ្លែងអំណរគុណដល់សាខា អនុសាខាក្រុង ស្រុក រៀបចំកម្មវិធីប្រយុទ្ធប្រឆាំងជំងឺអដស៍ ១ធ្នូ ២០២៣ ព្រមទាំងកោតសរសើរលើកទឹកចិត្តអង្គការដៃគូរនានា សូមបន្តសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តព្រះសីហនុ ដើម្បីរួមគ្នាឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥។

លោក គួច ចំរើន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅមានកំណើនជំងឺអេដស៍ យើងពិតជាមានការសោកស្តាយការចម្លងនៅតែមានការកើតឡើង ហើយអ្នកដែលចម្លង គឺជាអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ទំនាក់ទំនងបុរសស្រឡាញ់បុរស យើងត្រូវបង្កើតយុទ្ធនាការឡើងវិញ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ឲ្យបានទូលំទូលាយ ដែលមានអង្គការចូលរួមនូវសកម្មភាពមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍។

ប្រសិនមានអង្គការចូលរួម គឺយើងធ្វើការចំគោលដៅបានល្អ ចាំបាច់គោលដៅធ្វើយុទ្ធនាការទៅលើមុខសញ្ញា ដែលមានការចម្លងច្រើនឲ្យមានការប្រុងប្រយ័ត្នការពារបន្ថែមទៀត ហើយយុទ្ធនាការរបស់យើងធ្វើឲ្យចំគោលដៅ។ ផ្តើមចេញពីការស្រឡាញ់ភេទដូចគ្នា កម្ពុជាបានធ្វើយុទ្ធនាការបំបាត់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ក្នុងនោះយើងបានជួយគាំទ្រផ្នែកស្មារតី ក៏ដូចការព្យាបាល ដូច្នេះត្រូវបន្តខិតខំថែទាំសុខភាព ការហូបចុកឲ្យមានអនាម័យ ដើម្បីសុខមាលភាពរបស់បានកាន់ទេល្អប្រសើរ។

សូមជម្រាបថា អំណោយដែលបានចែកជូនអ្នកផ្ទុក និងអ្នកជំងឺអេដស៍មកពីក្រុងស្រុកទាំង៣ មានចំនួន១៥០នាក់ ក្នុងនោះ ក្រុងព្រះសីហនុ ចំនួន៧០នាក់ ស្រុកព្រៃនប់ ចំនួន៥០នាក់ ស្រុកស្ទឹងហាវ ចំនួន៣០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ក្រម៉ា១) និងថវិកា១០ម៉ឺនរៀល៕