(ពោធិ៍សាត់)៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ត្រូវខ្លាឃ្មុំវាយប្រហារ ហើយបានឪពុកចូលវាយជាមួយខ្លាឃ្មុំ ដើម្បីសង្គ្រោះរួចជីវិត ខណៈអ្នកទាំងពីរឪពុកកូន ទៅដក គម ក្រវាញ ក្នុងព្រៃក្បែរជើងភ្នំខ្មោច ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៖៤៥នាទីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោច ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ រឹម រ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានឪពុកបង្កើតបបួលចេញពីផ្ទះទៅជួយដក គម ក្រវាញ ដើម្បីយកទៅលក់ដោះស្រាយ ជីវភាព នៅម្ដុំជើងភ្នំខ្មោច ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីផ្ទះ ជាង៣គីឡូម៉ែត្រ។

លុះទៅដល់ចំណុចកើតហេតុ អ្នកទាំងពីរក៏បានឃ្លាតចម្ងាយពីគ្នា ប្រមាណ៥ម៉ែត្រ ចូលព្រៃស្រោង វែកព្រៃរកដកគម ក្រវាញ ភ្លាមនោះជនរងគ្រោះជាកូន ក៏បានវាក់នឹងសត្វខ្លាឃ្មុំដ៏ធំមួយក្បាល វាក៏ភ្ញាក់ ហើយលោតមកខាំបោកក្បាល និងជើងខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។ ពេលនោះឪពុកក្រឡេកឃើញភ្លាម ក៏បានទាញដំបងប៉ុនកដៃ ចូលជួយសង្រ្គោះកូន ប្រយុទ្ធជាមួយខ្លាំឃ្មុំ ដោយវាយត្រូវខ្លាឃ្មុំបានពីរដំបង ពេលនោះខ្លាឃ្មុំឈឺក៏រត់ចូលព្រៃស្រោងបាត់។

ប្រភពបានបន្តថា ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំ បានហើយ ក៏បានយកមកលំនៅដ្ឋាន រូចក៏រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ច ក៏បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង៕