(ភ្នំពេញ)៖ កម្លាំងប្រជាការពារសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដេញតាមបង្ក្រាបបានភ្លាមៗតែម្ដង ចំពោះជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ហើយដកហូតបានទូរស័ព្ទដៃចំនួន១គ្រឿង ជាមួយម៉ូតូជិះធ្វើសកម្មភាព១គ្រឿងផងដែរ បន្ទាប់ពីពួកគេ ជិះម៉ូតូទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចពីស្ត្រីរងគ្រោះនៅតាមដងផ្លូវ ហើយព្យាយាមជិះបើករត់គេចខ្លួនមិនរួច។

លោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍សង្កាត់ឬស្សីកែវ បានឲ្យដឹងថា ដោយមានការបញ្ជាជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ, កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍របស់លោក សហការជាមួយកម្លាំងប្រជាការពារ បានដេញតាមបង្ក្រាបបានភ្លាមៗចំពោះក្រុមជនសង្ស័យ ដែលឆក់ទូរស័ព្ទដៃសម្រេចពីស្ត្រីរងគ្រោះ និងជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២នាក់នេះ ស្ថិតនៅតាមបណ្ដោយផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១៣៖២០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី តូច គឹមសុង បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ សន សុវណ្ណារ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងជនសង្ស័យ ម្នាក់ទៀតឈ្មោះ យ័ន្ត ប៉ុនលី អាយុ២២ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល។

លោកវរសេនីយ៍ត្រី តូច គឹមសុង បានបញ្ជាក់ទៀតថា សម្រាប់វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន បន្ទាប់ពីបង្ក្រាបជនសង្ស័យទាំង២នាក់ មានម៉ូតូ១គ្រឿង ម៉ាកស្កុបពី ស៊េរី២០២៣ ពណ៌ខ្មៅលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ ១KH ០៦៤៥ និងទូរស័ព្ទដៃ១គ្រឿង ម៉ាករៀលមី ពណ៌ខ្មៅ ដែលមានស៊ីមកាតលេខ ០៧០ ៨៩៩ ៤១៦ (ជារបស់ជនរងគ្រោះ)។

យ៉ាងណាក៏ដោយ សម្រាប់វត្ថុតាងទូរស័ព្ទដៃ១គ្រឿង ម៉ាករៀលមី ពណ៌ខ្មៅ ដែលមានស៊ីមកាតលេខ ០៧០ ៨៩៩ ៤១៦ ត្រូវបានលោកវរសេនីយ៍ត្រី តូច គឹមសុង ប្រគល់ជូនជនរងគ្រោះវិញ ហើយសម្រាប់ក្រុមជនសង្ស័យ ទាំង២នាក់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងជាអ្នកប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងជិះធ្វើសកម្មភាពម៉ូតូ១គ្រឿង បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ជាធរមាន៕