(កែប)៖ លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ជ.ប) នៅថ្ងៃទី០៧ ខែធ្នូ ​ឆ្នាំ២០២៣ បានអញ្ជើញបើក សិក្ខាសាលាស្តីពី «ការរៀបចំថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម» នៅសណ្ឋាគារ សង្គហមិត្ត ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ពិធីនេះមានការចូលរួមពីសំណាក់ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រតិភូមកពីអគ្គនាយកដ្ឋាន ថវិកានីយកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមពាក់ព័ន្ធ ប្រមាណជាង ១០០រូប។

នាឱកាសនោះ លោក ឆាយ សុផាន់ណា បានលើកឡើងថា ការបើកសុខាសាលានៅថ្ងៃនេះ មានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីគោលការណ៍ និងវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្មដែល គ.ជ.ប នឹងត្រូវអនុវត្តសម្រាប់ការរៀបចំថវិកានាឆ្នាំខាងមុខ ស្របតាមក្របខណ្ឌ ពេលវេលា នៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៤។ ដំណាក់កាលទី៤ នឹងផ្តោតជាសំខាន់លើការកសាងជំហានទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ «គណនេយ្យភាពសមិទ្ធកម្ម» (២០២៣-២០២៧)។ ដំណាក់កាលទី៤ នេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏នឹងជួយផ្តល់ចំណេះដឹងអំពីដំណើរការរៀបចំថវិកាសមិទ្ធកម្មចាប់ពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលបញ្ចប់ ដែលរួមពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ការរៀបចំថវិកាប្រចាំឆ្នាំ ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការរៀបចំរបាយការណ៍ ការតាមដាន និងការវាយតម្លៃ និងគោលដៅអាទិភាព គឺដើម្បីបង្កើនគុណភាពនៃការវិភាគថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់មន្ត្រីកាន់កិច្ចការនេះ ដែលបានរៀបចំ និងអនុវត្តថវិកាកម្មវិធីបានល្អតាំងពីដំណាក់កាលទី១ រហូតឈានដល់ការចាប់ផ្តើមដំណាក់កាលទី៤ ដែលជាដំណាក់កាល «គណនេយ្យភាពសមិទ្ធកម្ម»។

លោក ឆាយ សុផាន់ណា បានបន្តថា ជាការពិត បច្ចុប្បន្ន គ.ជ.ប ក៏ដូចក្រសួង-ស្ថាប័ន របស់រដ្ឋដទៃទៀតដែរ ទោះបីជាមានភាពមមាញឹកខ្លាំងក្នុងការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត យ៉ាងណាក្តី ក៏ផ្នែករៀបចំថវិកាមានគោលដៅយុទ្ធសាស្ត្រ ដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងការរៀបចំថវិកា និងវិភាជថវិកាឱ្យចំទិសដៅគោលបំណងដោយត្រូវប្រតិបត្តិតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងឱ្យស្របទៅតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើសមិទ្ធកម្ម។

នាឱកាសនោះដែរ លោកបានបញ្ជាក់ថា កន្លងមកការរៀបចំថវិកា កម្មវិធី មិនទាន់ទទួលបាននូវភាពសុក្រឹត្យពេញលេញ និងមិនទាន់មានភាពត្រឹមត្រូវក្នុងការកំណត់សូចនាករនៅឡើយ។ ហេតុនេះហើយ ដើម្បីជំនះការលំបាក និងភាពស្មុគស្មាញក្នុងការរៀបចំថវិកា ជាពិសេសថវិកាផ្តោតលើសមិទ្ធកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធភាព (គ.ជ.ប) ក្នុងគោលបំណងបើកអង្គសិក្ខាសាលាថ្ងៃនេះ គឺដើម្បីណែនាំដល់មន្ត្រី គ.ជ.ប ពិសេសមន្ត្រីទទួលបន្ទុក ត្រូវយកចិត្តទុកដាក់ពង្រឹងការការរៀបចំថវិកា ឱ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្ត ដោយធានាឱ្យបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ដោយឈរលើហេតុផល និងវិចារណភាពច្បាស់លាស់ រូបលោក ក្នុងនាម គ.ជ.ប មានសង្ឃឹម និងជឿជាក់ថា  អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេសមន្រ្តីជំនាញទទួលបន្ទុកក្នុងការរៀបចំថវិកា នឹងខិតខំស្វែងយល់លម្អិតអំពីនីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលមានគ្រូឧទ្ទេស ពីអគ្គនាយដ្ឋានថវិកានីយកម្ម នៃ កសហវ ធ្វើបទបង្ហាញជូនសិក្ខាកាម។

លោក ឆាយ សុផាន់ណា សូមវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហការល្អ រវាងលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃ គ.ជ.ប ដែលបានខិតខំប្រឹងប្រែង រៀបចំឱ្យមានអង្គសិក្ខាសាលាស្តីពី"ការរៀបចំថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម" ជូនដល់មន្ត្រី គ.ជ.ប។

លោកក៏សូមលើកទឹកចិត្តក្រុមការងារឱ្យបន្តខិតខំថែមទៀត និងសង្ឃឹមយ៉ាងមុតមាំថា នាយកដ្ឋានហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធ នឹងចូលរួមសហការ ដើម្បីសម្រេចឱ្យបានតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឱ្យបានជោគជ័យ៕