(បាត់ដំបង)៖ តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្ស ដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាតចំនួន ៩នាក់ មកពី៨ភូមិ ៧ឃុំសង្កាត់ ៤ក្រុងស្រុក នៃខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលនិងក្មួយសិស្សានុសិស្ស ទោះបីជាក្មួយមានជីវភាព ក្រីក្រ ក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)។

លោកប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូនិងបន្តខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

ជាក់ស្តែងយោងតាមរបាយការណ៍របស់លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៩៣៥១នាក់ ស្រី៥១៣៧នាក់ ប្រឡងជាប់៦,១៥៣នាក់ស្រី៣,៦៤១នាក់ (៦៧.១៣%)ក្នុងនោះប្រឡងជាប់និទ្ទេស A ចំនួន៧៧នាក់ ស្រី៤៤នាក់, និទ្ទេស B ចំនួន៣៥៤នាក់ ស្រី២២៣នាក់, និទ្ទេស C ចំនួន១,០៥៩នាក់ ស្រី៦៨០នាក់, និទ្ទេស D ចំនួន ២,០៩០នាក់ស្រី១,៣០២នាក់ និងនិទ្ទេស E ចំនួន២,៥៧៨នាក់ ស្រី១,៣៩២នាក់។

ជាកិច្ចឆ្លើយតប សិស្សានិសិស្សនិទ្ទេសតាំង៩នាក់ និងតំណាងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយមនុស្សធម៌ដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ កុំព្យូទ័យូដៃ១ គ្រឿង,អង្ករ១០០ គីឡូក្រាម,មី ៥ កេស ,ទឹកត្រី ៥ យួរ,ទឹកត្រី៥ យួរ,ត្រីខ ៥ យួរ, ឃីត (មុង,ភួយ,ក្រមា) និងថវិកាមួយចំនួន ផងដែរ។ ជាមួយគ្នានេះដែល លោក សុខ លូ សម្រេចធ្វើផ្ទះ១ខ្នងជូនក្រុមគ្រួសារយុវសិស្សឈ្មោះ ភាព ចាន់ធី ជាសិស្ស នៃវិទ្យាល័យសង្កែ ស្រុកសង្កែ ដែលមានជីវភាពលំបាក់ជាងគេ និងមានប្អូនច្រើននាក់ផងដែរ៕