(ភ្នំពេញ)៖ ក្រុមការងារទី១ របស់នាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយលោក ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារ ដែលមានទីតាំងស្ថិតនៅភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការស្នើសុំលិខិតបិទការដ្ឋានសំណង់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប ដែលមានលិខិតអនុញ្ញាតសាងសង់លេខ ៣០២ ដនស/អដន ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ១៨៣ អសណ/នសណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមការងារទី១ របស់នាយកដ្ឋានសំណង់នៃអគ្គនាយកដ្ឋានសំណង់ ក៏បានលើកឡើងអំពីការណែនាំដល់ម្ចាស់សំណង់ ក្នុងនោះរួមមាន៖
ទី១៖ ត្រូវយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពសំណង់ និងគោរពទៅតាមបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការដ្ឋានសំណង់។
ទី២៖ ម្ចាស់សំណង់យកចិត្តទុកដាក់លើសុវត្ថិភាពទាំងក្នុង និងក្រៅការដ្ឋានសំណង់ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយនឹងអ្នកជិតខាង និងសាធារណៈ។
ទី៣៖ អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដ្ឋានសំណង់។
ទី៤. អនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ និងបទដ្ឋានគតិយុត្តនគរូបនីយកម្ម និងសំណង់។

ជាលទ្ធផលក្រោយការត្រួតពិនិត្យ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ និងក្រុមកាងារសង្កេតឃើញថា ការដ្ឋានសំណង់ បានសាងសង់រួចរាល់ នៅសល់តែការងារសម្អាត។

សូមជម្រាបថា គម្រោងអគារខុនដូប្រណិត «រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម» នៃក្រុមហ៊ុន រ៉ូយ៉ាល់ហុងឡៃហួត វ័ន ឯ.កគឺប្រសូត្រចេញពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនធំៗដ៏ល្បីពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុងឡៃហួត គ្រុប របស់សិង្ហបុរី៕