(ភ្នំពេញ)៖ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Georege Yeo បានកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការរស់នៅដោយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជា។
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះ ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ១៩៩៩។ នៅពេលនេះលោកបានអញ្ជើញមកកម្សាន្តជាថ្មីនៅកម្ពុជា ក្រោយពេលចូលនិវត្តន៍ពីការងារ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក Georege Yeo ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យជួបសម្តែងការគួរសម។
ក្នុងជំនួបនេះ លោក Georege Yeo បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត។ លោក Georege Yeo បានរំលឹកពីដំណើរមកទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ១៩៩៩ ដែលកាលនោះ លោក ចម ប្រសិទ្ធ ជាអ្នកជូនដំណើរលោកទៅលេងខេត្តសៀមរាប។
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះ ក៏បានជម្រាបសម្តេចតេជោផងដែរថា ដំណើរមកកាន់កម្ពុជានាពេលនេះ លោកក៏បានទៅកម្សាន្តនៅខេត្តសៀមរាប ដោយបានឃើញព្រះអាទិត្យរៀបលិច មានពណ៌មាស ស្រស់ស្អាតណាស់លើប្រាសាទអង្គរវត្ត។ លោក Georege Yeo ក៏បានបង្ហាញការកត់សម្គាល់របស់លោក ពេលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ។ លោកបានកោតសរសើរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ និងបានមើលឃើញប្រជាជនធ្វើចរាចរច្រើន មានអាគារថ្មីៗ ខ្ពស់ៗ និងបានមើលឃើញប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយលោក Georege Yeo នៅកម្ពុជា។ សម្ដេចតេជោបានចូលរួមអបអរសាទរ ចំពោះការផ្សព្វផ្សាយសៀវភៅរបស់លោក។ សម្ដេចតេជោ បានចាត់ទុកការរៀបចំសៀវភៅសម្រាប់អ្នកជំនាន់ក្រោយនេះ ជាការល្អប្រសើរណាស់។
នៅចំពោះមុខអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី, សម្ដេចតេជោ ក៏បានរៀបរាប់អំពីផែនការមួយចំនួនពាក់ព័ន្ធការគ្រប់គ្រងរដ្ឋ ជូនដល់អ្នកបន្តវេន។ សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំនេះ ជាការរៀបចំមួយសម្រាប់ពេលវេលាយូរអង្វែង។
ទាក់ទងបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោ មានប្រសាសន៍ថា មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ទីមួយបញ្ហាសន្តិសុខស្បៀង និងទីពីរ បញ្ហាសន្តិសុខថាមពល។ ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង កម្ពុជាបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន។
ពាក់ព័ន្ធសន្តិសុខថាមពល ទោះបីកម្ពុជា មិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែកម្ពុជាអាចគ្រប់គ្រងបាន។ គិតមកដល់ពេលនេះ កម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២ភាគរយ ហើយកម្ពុជាឈប់ផលិតថាមពលដើរដោយធ្យូងថ្មផងដែរ៕