(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) ដែលជាក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូន ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោកប្រធានក្រុមហ៊ុនបានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាព ក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។

មួយវិញទៀត លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូនសម្តេចនាយករដ្ឋមន្ត្រីផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះស្របពេលដែលឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ គម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែក នៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាព ក្នុងការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម៕