(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ កម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ខាងមុខ ។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

ពិធីនេះក៏មានអញ្ជើញចូលរួមពីលោក រ៉ូសាន បីស្តា (Mr. Roshan Bista) ប្រធានស្តីទីរបស់មូលនិធិសេវាកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលគាំទ្រវិស័យសុខភាពភ្នែកនៅកម្ពុជា, អភិបាលរងនៃគណៈអភិបាលខេត្ត, លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត មន្ត្រី និងសហការី នៃក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធ និងតំណាងអង្គការជាតិ-អន្តរជាតិជាច្រើនរូបទៀត។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ ផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៃវិស័យសុខាភិបាលរបស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេលប្រាំពីរឆ្នាំខាងមុខ។ លើសពីនេះផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាសុខភាព ថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីនៅកម្ពុជា។

លោកសាស្រ្ដាចារ្យបានបញ្ជាក់បន្ថែមថា «ផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តការចូលរួមនូវភាពចាំបាច់ បន្តបង្កើនពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកនៅទូទាំងកម្ពុជា ឱ្យដល់កៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៃក្រសួងសុខាភិបាល»

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏ថ្លែងបានកោតសរសើរ និងអបអរសាទរដល់កម្មវិធីជាតិសុខភាពភ្នែក ចំពោះសមិទ្ធិផលដែលកម្ពុជាទទួលបាន ទាំងការបម្រើសេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងភាពជោគជ័យនៃការកាត់បន្ថយភាពពិការភ្នែកនៅលើឆាកអន្តរជាតិ។ លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ក្រសួងមន្ទីរពាក់ពន័្ធ អាជ្ញាធរគ្រប់លំដាល់ថ្នាក់ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋ។

ដើម្បីពង្រឹងគុណភាព ពង្រីកវិសាលភាពសុខភាពសេវាសុខភាពភ្នែកបន្ថែមទៀត លោកសាស្ដ្រាចារ្យបានផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានផ្តល់ជាអនុសាសន៍ចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកផងដែររួមមាន៖

* បន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដែលដាក់ឱ្យ អនុវត្តជាផ្លូវការនៅថ្ងៃនេះ ដោយធានាបាននូវការឆ្លើយ
តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។

* លើកកម្ពស់ការចូលរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយដែលអាចជៀសវាងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដូចជាទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី មនុស្សពិការ មនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង និងគ្រប់ក្រុមអាយុទាំងអស់ដែលមានបញ្ហាគំហើញចុះខ្សោយ។

* ធ្វើទំនើបកម្មនិងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។

* ជំរុញការអនុវត្តគម្រោងពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយសហគមជាពិសេសបង្កើតថ្មី និងពង្រឹងមណ្ឌលស្តាគំហើញ ការធ្វើសមាហរន្តកម្មនៃការថែទាំសុខភាពភ្នែកបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិសុខភាព។

* សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់គោរពឱ្យបាខ្ជាប់ខ្ជួននូវក្រមសិលធម៌វិជ្ជាជីវៈក្នុងការផ្ដល់សេវាជូនប្រជាជននៅក្នុងមូលដ្ឋាន។

* ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត។

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់អង្គការជាតិ និងអន្តរជាតិទាំងអស់ រួមមាន SEVA Foundation, Fred Hollows Foundation, Eye Care Foundation, Heart to Heart Foundation, Battambang Ophthalmic Care, Caritas-Takeo Eye Hospital and Sight For All ជាដើម។

មុននឹងបញ្ចប់លោករដ្ឋមន្ដ្រីបានជំរុញលើកទឹកចិត្ដឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្នែកចក្ខុរោគ មណ្ឌលថែទាំភ្នែក នៃវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕