(ពោធិ៍សាត់)៖ ឆ្លៀតឱកាសទំនេរពីកិច្ចការងាររដ្ឋបាល, នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអាជីវករ ដែលកំពុងរកស៊ីទទួលទាន នៅផ្សារបឹងកន្តួត ឃុំបឹងកន្តួត ស្រុកក្រគរ ក្នុងគោលបំណងក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួនធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ចំពោះអ្នកលក់ដូរ កញ្ជើរ កញ្ច្រែង ល្អីបន្តិចបន្តួច ដោយមិនត្រូវយកភាស៊ីនោះឡើយ។

មានប្រសាសន៍នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយនូវរាល់ក្តីកង្វល់ របស់ប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជនផ្សារ និងនៅជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តន៍គោលនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាក់ស្តែងដូចព្រឹកនេះ លោកបានពិនិត្យឃើញថា សោភណ្ឌភាព និងរបៀបរៀបរយ ពិសេសផ្លូវចូលផ្សារបឹងកន្តួត នៅមានកម្រិត ទាមទៀរឱ្យម្ចាស់ផ្សារ ខិតខំធ្វើយ៉ាងណា សម្រួលចាក់សាប ឬចាក់ប៉េតុង អមដោយផ្លូវទឹកហូរចេញចូល ឱ្យបានល្អសមរម្យ។ លោកក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវសហការជាមួយម្ចាស់ផ្សារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។

ជានិច្ចកាល ក្នុងឱកាសជួបផ្ទាល់ជាមួយអ្នកលក់ដូរកញ្ជើរ កញ្ច្រែង ល្អីបន្តិចបន្តួច គ្រាន់តែដោះស្រាយជីវភាពនោះ, លោក ខូយ រីដា តែងតែស្នើដល់ម្ចាស់ផ្សារ ក៏ដូចជាអ្នកទទួលម៉ៅការភាស៊ី សូមបញ្ឈប់ការទារថ្លៃភាស៊ី ពីលោកតា លោកយាយ និងបងប្អូន កូនក្មួយទាំងនោះ ក្នុងគោលបំណងចូលរួមចំណែក ដល់ការរកទទួលទានប្រចាំថ្ងៃ និងជួយលើកស្ទួយជីវភាពរស់នៅដល់ពួកគាត់ ឱ្យកាន់តែប្រសើរឡើង។ ចំពោះសមត្ថកិច្ចមូលដ្ឋាន និងម្ចាស់ផ្សារ ត្រូវទទួលខុសត្រូវខ្ពស់ លើការងារសន្តិសុខ ​សណ្តាប់ធ្នាប់ សុវត្ថិភាព អគ្គិភ័យ ទាំងនៅក្នុង និងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹងរាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារ។ បន្ថែមពីនោះ លោកក៏សូមស្នើដល់រដ្ឋបាលស្រុក ឃុំ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈមនានា ដែលកើតមាន ចៀសវាងបង្កការថ្នាំងថ្នាក់ ពីសំណាក់បងប្អូនអាជីវករ មកលើថ្នាក់ដឹកនាំរបស់យើង។

នៅក្នុងឱកាសអញ្ជើញចុះជួបបងប្អូនអាជីវករ នៅក្នុងផ្សារបឹងកន្តួត, លោក ខូយ រីដា អភិបាលខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញពិសា គុយទាវ និងបង្អែម ជាមួយបងប្អូនអាជីវករ ដោយសាមញ្ញ និងបង្កើតនូវភាពស្និទ្ធស្នាលរីករាយក្រៃលែង៕