(តាកែវ)៖ លោក ញឹម ស្រន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានស្នើសូមឲ្យកសិករចូលរួមសហការ ជាមួយមន្រ្តីជំនាញផ្សព្វផ្សាយកសិកម្ម ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការចូលរួម របស់ក្រុមហ៊ុនឯកជន លើការអភិវឌ្ឍវិស័យកសិកម្ម សំដៅជួយដល់កសិករទទួលបានប្រាក់ចំណេញ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានសហការជាមួយក្រុមហ៊ុនជី សញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប រៀបចំធ្វើស្រែបង្ហាញឆ្លាតវៃ ស្របទៅតាមបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយបានបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនអូសដាំជាគុម្ព ជាជួរ នៅលើស្រែកសិករឈ្មោះ ម៉ក់ នៅភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ បានសំដែងនូវការគាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ពិសេសក្រុមហ៊ុនជី សញ្ញាក្បាលក្របី ដែលបានសហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ធ្វើការពិសោធន៍សាកល្បង ធ្វើស្រែបង្ហាញតាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ដើម្បីរកផលចំណេញ និងស្វែងរកប្រសិទ្ធភាពសេដ្ឋកិច្ច។

លោកបានបន្ដទៀតថា ការធ្វើបែបនេះ ស្របតាមគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមផលិតឲ្យនៅកម្រិតទាប និងទទួលបានទិន្នផលខ្ពស់ ក្នុងគោលបំណងសំខាន់ការអភិវឌ្ឍ វិស័យកសិកម្ម ឲ្យកាន់តែប្រសើរឡើង ទាំងទិន្នផល គុណភាពរួមនឹងផលចំណេញ។

លោក ញឹម ស្រន់ បានលើកឡើងថា អ្វីដែលជាបញ្ហា គឺកសិករនៅតែបន្តការធ្វើស្រែតាមទម្លាប់ ការប្រើប្រាស់ពូជច្រើន ប្រើប្រាស់ពូជមិនសុទ្ធ ការប្រើប្រាស់ជីមិនបានត្រឹមត្រូវ ទាំងនេះហើយ ជាការចំណាយថ្លៃដើមផលិតច្រើន។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការសហការ ជាមួយក្រុមហ៊ុនឯកជន និងកសិករ ដែលមានផ្ទៃដីស្រែធំៗ ដើម្បីធ្វើបង្ហាញដល់កសិករ នៅក្នុងតំបន់ ឲ្យពួកគាត់មានការស្វែងយល់ ពីការធ្វើកសិកម្មឆ្លាតវៃ ដោយចំណាយថ្លៃដើមផលិត និងទទួលបានទិន្នផលខ្ពស់។

លោក ចៅ រដ្ឋធានី តំណាងក្រុមហ៊ុនជីសញ្ញាក្បាលក្របី បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុន បានសហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង រៀបចំធ្វើស្រែបង្ហាញ ចំនួន៣កន្លែង ស្ថិតនៅក្នុងស្រុកចំនួន៣ ក្នុងខេត្តព្រៃវែងរួចមកហើយ និងថ្មីៗនេះ បានបន្តធ្វើស្រែបង្ហាញចំនួន៣កន្លែងទៀត ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកទ្រាំង ស្រុកគីរីវង្ស និងស្រុកបុរីជលសារ ស្ថិតនៅក្នុងខេត្តតាកែវ។

តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ការធ្វើស្រែបង្ហាញឆ្លាតវៃនេះ មានគោលបំណងបង្ហាញដល់ប្រជាកសិករ ដែលប្រកបមុខរបធ្វើស្រែ ដើម្បីប្រៀបធៀបប្រសិទ្ធិភាពសេដ្ឋកិច្ច ពីការប្រើប្រាស់ម៉ាស៊ីនអូសដាំជាគុម្ពជាជួរ។

លោកថា ការប្រើប្រាស់ម៉ាស៊ីនអូសដាំជាគុម្ព ជាជួរ ប្រើប្រាស់កម្រិតគ្រាប់ពូជត្រឹម៨០គីឡូក្រាមលើផ្ទៃដី១ហិកតា បើប្រៀបធៀបទៅនឹងការព្រោះតាមទំលាប់ប្រពៃណីរបស់កសិករ ជាទូទៅចំណាយគ្រាប់ពូជពី ៣០០ ទៅ ៤០០គីឡូក្រាមក្នុង១ហិកតា។ មួយទៀត ទាក់ទងនឹងការប្រើប្រាស់ជី គឺធ្វើឲ្យស្រូវទទួលបានទិន្នផលល្អ ជាងការបាចជីតាមទំលាប់ ដោយការប្រើប្រាស់ម៉ាស៊ីនធ្វើឲ្យស្រូវទទួលបានជីគ្រប់គ្រាន់។

លោកបន្ដថា ការប្រើប្រាស់ម៉ាស៊ីនអូស ដាំជាគុម្ព ជាជួរ ចំណេញទាំងពេលវេលា និងកម្លាំងពលកម្ម ដោយស្រូវ១ហិកតា ចំណាយពេលត្រឹមតែ១ម៉ោង និងចំណេញកម្លាំងជាងការព្រោះស្រូវដោយដៃ ដោយត្រូវ ចំណាយកម្លាំងពលកម្មច្រើន និងចំណាយពេលវេលាយូរ។ ដូច្នេះ ការប្រើប្រាស់ម៉ាស៊ីនព្រោះស្រូវជាគុម្ព ជាជួរ ចំណេញពេលវេលា កម្លាំង និងទទួលបានទិន្នផលខ្ពស់ជាជាងការព្រោះស្រូវដោយដៃ៕