(កំពង់ធំ)៖ ខណៈក្រុមប្រឆាំងនៅកម្ពុជាមានភាពបែកបាក់គ្នាកាន់តែខ្លាំងឡើងៗ រួមទាំងគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិផងនោះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ សារសំឡេងរបស់លោកស្រី លឿង គឹមហ៊ន សមាជិកា គណបក្សកម្លាំងជាតិ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (អតីតប្រធានក្រុមការងារ គណបក្សភ្លើងទៀនស្រុកប្រាសាទសំបូរ) ត្រូវបានបែកធ្លាយតាមបណ្តាញសង្គមជាច្រើន ដែលក្នុងនោះបានបង្ហាញនូវការប្រតិកម្មយ៉ាងខ្លាំង ដោយស្នើឲ្យក្រុមប្រឹក្សាជាប់ឆ្នោត ទាំង២១៩៨ របស់គណបក្សភ្លើងទៀន ធ្វើបាតុកម្មដកប្រធានគណបក្សភ្លើងទៀនចេញ !
តាមរយៈសារសំឡេងដែលបែកធ្លាយ លោកស្រី លឿង គឹមហ៊ន បាននិយាយទាំងខឹងសម្បារយ៉ាងដូច្នេះថា «ទេ មិនបានបាតុកម្មដកអាមេសម្ព័ន្ធភាពហ្នឹង ដេញចោលទេដឹង! ក្រុមប្រឹក្សា២ពាន់អ្នកជាង ដេញចោលអាប្រធានគណបក្សសម្ព័ន្ធភាពបាតុកម្មដេញចោលទេដឹង! ព្រោះអីវាទៅចងសម្ព័ន្ធភាពស្អី អត់មានសួរពួកគេថ្នាក់ក្រោម ទៅចងតែម្នាក់ឯង យកអាចលទ្ធិប្រជាធិបតេយ្យរបស់កម្លាំងប្រជាពលរដ្ឋយកទៅចងសម្ព័ន្ធភាពម្នាក់ឯង បានធ្វើសមាជសំណូមពរពីក្រុមគេ ថ្នាក់ដឹកនាំនៃមូលដ្ឋាន ឬមួយពីប្រជាពលរដ្ឋអត់ វាយកទៅចងម្នាក់ឯង។
ចង់បង្ហោះឲ្យវាណាណីនេះ វាបានយកសំឡេងពីប្រជាពលរដ្ឋឯងណោះ ទៅចងសម្ព័ន្ធតែម្នាក់ឯង យកអំណាចប្រជាពលរដ្ឋ យកអំណាចគេមេដឹកនាំ ដែលគេមានលទ្ធិប្រជាធិបតេយ្យ យកចងសម្ព័ន្ធម្នាក់ឯង អាមេហ្នឹង អាក្បត់ឧត្តមគតិប្រជាពលរដ្ឋ ក្បត់លទ្ធិប្រជាធិបតេយ្យ ហើយយកអំណាចមកគម្រាមដកគេតាមឃុំ បញ្ជាគេតាមឃុំ ដកគេតាមឃុំ យឺ ឈឺចាប់ណាស់។ មើលនាំគ្នាបង្ហោះបាតុកម្មដកអាមេហ្នឹងចេញមើល អាមេភ្លើងទៀនសម្ព័ន្ធភាពហ្នឹងចេញ ដកចេញបានតើ២ពាន់អ្នកជាង ដកអាមេក្បត់ជាតិបានតើបាត់កម្មដកចេញ វាដកចាំតែអង្គុយដកបងឯង ឯលទ្ធិប្រជាធិបតេយ្យពិតប្រាកដប្រជាពលរដ្ឋទូទាំងប្រទេសអត់គោរព មកគំរាមយកពាក្យហ្នឹងមកគំរាមប្រជាពលរដ្ឋ យកមកគម្រាមថ្នាក់ដឹកនាំមូលដ្ឋាន ហើយខ្លួនឯងដើរទៅចងស្ងាត់ស្ងៀមម្នាក់ឯង មេម្នាក់ពីរនាក់ហ្នឹងឯង យកមកគំរាមគេ យើងសុទ្ធចិត្តឲ្យគេគរាមដែរ ពួកទាំងអស់សុទ្ធចិត្តឲ្យគេគំរាមដែរ បើបាតុកម្មដកអាមេហ្នឹងចោលចឹងបានទើបត្រូវ»។
ជាមួយនោះដែរ ក្រុមសកម្មជនច្រើនបានលើកឡើងថា ក្រោយពីគណបក្សភ្លើងទៀនដើរខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខុសលក្ខន្តិកៈគណបក្ស ដែលចេញសេចក្តីសម្រេចដោយអន្តោម័ត ក្នុងការដកថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាជាប់ឆ្នោត តាមបណ្តារាជធានី-ខេត្ត ជាបន្តបន្ទាប់ ទីបំផុតបាតុភាពជាច្រើនបានផ្ទុះចេញ ដោយសកម្មជននៅរាជធានីភ្នំពេញ បានធ្វើការប្រមូលផ្តុំមុខទីស្នាក់ការគណបក្ស និងដាក់ញត្តិតាមស្ថានទូតប្រទេសមហាអំណាច និង UN ដើម្បីទាមទារឲ្យគោរពលំហរប្រជាធិបតេយ្យ ដែលគណបក្សភ្លើងទៀន តែងនិយាយជាប់ជាប្រចាំ៕