(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា យុវជនជំនាន់ក្រោយ ចាំបាច់ត្រូវមានចំណេះដឹង និងចំណេះធ្វើ ទាំងជំនាញវិជ្ជាជីវៈ ភាសាបរទេស និងព័ត៌មានវិទ្យា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងក្លាយជាសរសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលកំព្យូទ័រ និងបើកវគ្គថ្មី នាស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពី ក្រុមការងារចុះជួយស្រុកបារាយណ៍, លោកអភិបាលស្រុកបារាយណ៍, ប្រធានសមាគមយានយន្តកម្ពុជា, ប្រធានសមាគមយានយន្តសិង្ហបុរី ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ជាង២០០នាក់។
លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ម្យ៉ាងទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
លោកបានដាស់តឿនថា «យុវជនជំនាន់ក្រោយ ចាំបាច់ត្រូវមានចំណេះដឹង និងចំណេះធ្វើគ្រប់ៗគ្នា ទាំងជំនាញវិជ្ជាជីវៈ ភាសាបរទេស និងព័ត៌មានវិទ្យា (Information Technology) ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ ទៅថ្ងៃអនាគត»។
សូមជម្រាបថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកំព្យូទ័របឋម «កសិ-ទេសចណ៍ និងសេវាកម្មទេសចរណ៍» នេះ បានទទួលការជួយឧបត្ថម្ភទាំងស្រុងពី លោក ថោង ខុន និងលោកស្រី ព្រមទាំងការចូលរួមជួយឧបត្ថម្ភម៉ាស៊ីនកំព្យូទ័រ និងសម្ភារមួយចំនួន ពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា។ ចំណែកវគ្គបណ្តុះបណ្តាល មានរយៈពេល០៣ខែម្ដង និងបានដំណើរការចំនួន ២០វគ្គមកហើយ គិតចាប់ពីខែឧសភា ឆ្នាំ២០០៩ ដែលដាក់ឱ្យសិក្សាពីមូលដ្ឋានគ្រឹះកំព្យូទ័រ, Microsoft Word, Microsoft Excel, ការថែរក្សា និងកំចាត់មេរោគកំព្យូទ័រ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធ Internet, Email, Facebook និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗទៀត។ រហូតដល់បច្ចុប្បន្ននេះ សាលាបានបណ្តុះបណ្តាលសិស្ស សរុបចំនួន៦៣៥នាក់ (ស្រី ៣៣៤នាក់) ដែលមកពីវិទ្យាល័យតេជោ ហ៊ុន សែន បារាយណ៍ និងវិទ្យាល័យទ្រៀល។
ជាមួយគ្នានេះដែរ សមាគមយានយន្តកម្ពុជា និងសមាគមយានយន្តសិង្ហបុរី ក៏បានប្រគល់ជូនកំព្យូទ័រ ចំនួន១០គ្រឿងផងដែរ ដល់សាលាបណ្តូះបណ្តាលវិជ្ជាជីវៈកំព្យូទ័រកម្រិតបឋម កសិ-ទេសចណ័ និងសេវាកម្មទេសចរណ៍ ដើម្បីបន្តដំណើរការ វគ្គបណ្តុះបណ្តាលកំព្យូទ័រ និងជួយសម្រួលដល់ការសិក្សា របស់សិស្ស៕