(ព្រះសីហនុ)៖ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានប្រកាសថា លោកនឹងផ្ដល់រង្វាន់ជូន សិស្សានុសិស្សដែលប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលបានជាប់និទ្ទេស A នូវកុំព្យូទ័រយួរដៃមួយគ្រឿង និងម៉ូឌឹម១ផងដែរ សម្រាប់ជំនួយដល់ការសិក្សា នៅមហាវិទ្យាល័យ។ នេះបើមន្ដ្រីសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ អង្គភាព Fresh News នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏សូមជូនពរដល់សិស្សានុសិស្ស ទាំងអស់ឲ្យទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់គ្នា ដើម្បីក្លាយជាសសរទ្រូង របស់ប្រទេសជាតិនាពេលអនាគត។ បន្ថែមពីនេះ លោក យន្ដ មីន ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដែលជាគ្រឿងបំពុលសង្គម ថែមទាំងធ្វើឲ្យសង្គមបាត់បង់ ធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ៕