(កំពង់ឆ្នាំង)៖ យុវជនម្នាក់ដែលមានវ័យទើប ១៦ឆ្នាំរស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានយកថ្មទូរស័ព្ទទៅច្នៃធ្វើពិល ទុកគ្រាន់បំភ្លឺផ្លូវពេលយប់បណ្តាលឲ្យ ផ្ទុះដាច់ម្រាមដៃស្តាំពីរម្រាម និងរងរបួសភ្នែក មុខនិងដងខ្លួនផងដែរ។ ហេតុការណ៍ផ្ទុះទូរស័ព្ទបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងជាង១១ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិក្រាំងស្គាត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡត សារ៉ុម អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ស្រ្តីឈ្មោះ សុ រ៉ាន់ ជាម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុកូនប្រុស របស់គាត់សម្ងំនៅលើផ្ទះ ដោយមិនដឹងថា គេសម្ងំធ្វើអ្វីនោះទេ ស្រាប់តែមួយសន្ទុះក្រោយ មកមានសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីលើផ្ទះ ហើយបានឮសំឡេង កូនរបស់គាត់ស្រែកឡើង យ៉ាងខ្លាំង។ ក្រោយឮសំឡេងផ្ទុះ គាត់បានឡើងទៅមើល ក៏ប្រទះឃើញកូនដេកស្តូកស្តឹង និងមានរងរបួសលើផ្ទៃមុខ ទ្រូង និង ដាច់ម្រាមដៃផងដែរ។
ស្ត្រីជាម្តាយបន្តថា ភ្លាមៗនោះគាត់ និងក្រុមគ្រួសារ បានបញ្ជូនកូនតាមគោយន្ត ទៅសង្រ្គោះបឋមនៅមណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏ហៅរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដឹកបញ្ជូនបន្តមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការផ្ទុះថ្មទូរស័ព្ទនេះ ដោយសារជនរងគ្រោះបានច្នៃថ្មទូរស័ព្ទ ធ្វើជាពិលសម្រាប់បំភ្លឺ ហើយពេលដែលកំពុងតែធ្វើការកែច្នៃនេះ បណ្តាលឲ្យផ្ទុះឡើងតែម្តង។ទោះបីជាយ៉ាងណា បច្ចុប្បន្នជនរងគ្រោះត្រូវបានគ្រូពេទ្យ ជួយសង្រ្គោះមិនបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតនោះទេ៕