(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនធំចំនួនពីរ ដែលកំពុងវិនិយោគលើផ្នែកផលិតថាមពលអគ្គិសនី និងសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានចូលជួបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វែងរកការគាំទ្របន្ថែមលើគម្រោងពង្រីកការវិនិយោគរបស់ខ្លួន។
ជំនួបធ្វើឡើងនារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលជួបឧបនាយករដ្ឋមន្ត្រីរួមមាន៖ ក្រុមហ៊ុន Prime Road Power Public និងក្រុមហ៊ុន Rafulin Holdings ដឹកនាំដោយឧកញ៉ា Dato' Mohamed Faffle K. Chekku និងលោក Piroon Shinawatra។
ជំនួបនេះធ្វើឡើងតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។
សូមជម្រាបថា ក្រុមហ៊ុន Prime Road Power Public Co., Ltd. គឺជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ ដែលមានដំណើរការផលិតថាមពលបៃតងស្អាតចំនួន 307MW រួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ 77MW នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុន Rafulin Holding Sdn Bhd ជាក្រុមហ៊ុនដែលវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងប្រទេសផ្សេងៗ៕