(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដា្ឋនកាំភ្លើងធំ អគ្គបញ្ជាការ និងលោកស្រី ឆម សុខន ព្រមទាំងបងប្អូន និងកូនចៅទាំងអស់ មានទុក្ខជាទម្ងន់ដោយសារមហាឧបាសិកា មុន សៀម-សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួត បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែ កត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣៣នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
មរណភាពមហាឧបាសិកា មុន សៀម-សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តចិញ្ចឹមបីបាច់ អប់រំទូន្មានកូនៗ និងចៅៗឱ្យទទួលបានធំធាត់ និងទទួលបានចំណេះដឹងបម្រើសង្គមជាតិប្រកបដោយក្តីស្មោះត្រង់។
សពមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
ថ្ងៃ ចន្ទ ១៤រោច ខែ កត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៤៖៤៥នាទីល្ងាច សពមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ នឹងត្រូវបូជានៅក្នុងបរិវេណវត្តអង្គរកា ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ៕