(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីព្រមានជាលើកដំបូងថា ប្រទេសកូរ៉េខាងជើងនឹង ធ្វើការបង្កហេតុ និងប្រហារជីវិតមនុស្សមួយចំនួន ដែលពាក់ព័ន្ធទៅនឹងមន្ត្រីកំពូលៗដែលជាតំណាង របស់ខ្លួននៅក្រៅប្រទេស បានរត់ភៀសខ្លួនចោកបក្សកុម្មុយនិស្តមួយនេះ ដើម្បីសេរីភាព។ នេះ បើតាមការចេញផ្សាយដោយយ៉ុនហាប់ នារសៀលថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា «វាអាចទៅ រួចខ្លាំងណាស់ ដែលកូរ៉េខាងជើងនឹងព្យាយាមប្រើកម្លាំងបាយ ដើម្បីការពារមិនឲ្យមានមន្ត្រីរត់ចោលជួរ ឬ ក៏កើតមានការបះបោរពីប្រជាជនខ្លួនឯងនោះ»។
គួរបញ្ជាក់ថា មន្ត្រីទូតរបស់កូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ និងក្រុមគ្រួសារបានរត់ភៀសខ្លួនពីអង់គ្លេស មកសុំជ្រកកោណនៅកូរ៉េខាងត្បូង ហើយបន្ថែមពីនេះទៀតក៏មានរបាយការណ៍ ដ៏រសើបបានចេញផ្សាយ នៅដើមសប្តាហ៍នេះថា តំណាងកំពូលលោក គីម ជុងអ៊ុន ប្រចាំតំបន់អ៊ឺរ៉ុប ក៏បានរត់ភៀសខ្លួនជាមួយ ប្រាក់ជំនួយកូរ៉េខាងជើងរាប់ពាន់លានដុល្លារទៀតផងដែរ ដោយរហូតមកដល់ពេលនេះ គេនោមិនទាន់ដឹងថាមន្ត្រីរូបនោះ បានរត់ភៀសខ្លួនទៅដល់ទីណានោះឡើយ៕