(ឡាវ)៖ ជំនួបរវាងអនុរដ្ឋមន្ត្រីការពារប្រទេស កម្ពុជា ឡាវ វៀតណាម ត្រូវបានរៀបចំឡើង នារសៀលម៉ោង២៖៣០នាទី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ភាគីកម្ពុជា ដឹកនាំដោយលោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ភាគីឡាវដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ថង សូនីតាអាត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និង ភាគីវៀតណាមដឹកនាំដោយលោក ង្វៀន ស៊ាន់អាន់ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម។
ឆ្លៀតក្នុងឱកាសនេះ ភាគីកម្ពុជា ឡាវ និងវៀតណាម បានគាំទ្រដល់កិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលបានរៀបចំឡើងនាពេលនេះ និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ អនុវត្តតាមខ្លឹមសារ និងពិធីសារដែលមានស្រាប់ សំដៅបង្កើនចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង៣។
ក្រៅពីនេះភាគីទាំងបី កម្ពុជា ឡាវ វៀតណាម ក៏បានឯកភាពពង្រឹងការសហការរួមគ្នាក្នុងការទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែស៊ីជម្រៅ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីភាពសុខដុមរមនាដល់ប្រទេសជាតិយើងទាំងបី។
ភាគីទាំងបី ក៏នឹងមានជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីទាំង៣ កម្ពុជា ឡាវ វៀតណាម CLV លើកទី១ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ និងការធ្វើលំហាត់សុខាភិបាលកងទ័ពទាំង៣ប្រទេស ដែលនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕