(ហ្គាណា)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លើកទី៧ នៅសាធារណរដ្ឋហ្គាណា។ នេះជាលើកដំបូងក្នុងឋានៈជារដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងទៅកាន់អង្គប្រជុំជាភាសាបារាំង ដោយបង្ហាញពីការគាំទ្រចំពោះប្រធានបទ ស្តីពីការការពារជនស៊ីវិលតាមរយៈធ្វើការពិភាក្សា និងការចូលរួមពីគ្រប់កងកម្លាំងយោធា ស៊ីវិល និងនគរបាល រួមទាំងផ្តល់នូវវិធីសាស្រ្តក្នុងការការពារខ្លួន បង្កើតបរិយាកាសសុវត្ថិភាព ក្នុងតំបន់ដែលកម្លាំងរក្សាសន្តិភាពទទួលខុសត្រូវ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្រ្តក្នុងការប្រាស្រ័យទាក់ទង គឺជាបុរេសកម្ម និងជាយន្តការដ៏មានសារៈសំខាន់ក្នុងការការពារការសម្របសម្រួល និងជាដំណោះស្រាយនៃជម្លោះផងដែរ។ ទន្ទឹមនឹងនេះ​ សមត្ថភាពស្រ្តីក្នុងឯកសណ្ឋាន ក៏បាននិងកំពុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស្ថិរភាពក្នុងតំបន់បេសកកម្ម។ ម្យ៉ាងវិញទៀត ការផ្តល់សេវាថែទាំសុខមាលភាពផ្លូវចិត្ត គឺជាកក្តាចាំបាច់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវឱ្យបានពេញលេញដល់គ្រប់កម្លាំងរក្សាសន្តិភាពផងដែរ។

ឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ការវិវត្តន៍នៃស្ថានការណ៍សន្តិសុខក្នុងគ្រប់តំបន់បេសកកម្ម ទាមទារឱ្យកម្លាំងរក្សាសន្តិភាពទាំងមូល ទាំងកម្លាំងត្រៀមបម្រុង ទាំងកម្លាំងកំពុងបំពេញបេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅនៃបញ្ហាចាក់ស្រេះនៅតាមតំបន់បេសកកម្មប្រកបដោយបរិយាប័ន្ន។

ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជាតឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដោយបានលើកឡើងថា «កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព​ សន្តិសុខ​ សន្តិភាពពិភពលោក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ»។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាផ្តល់តម្លៃខ្ពស់សន្តិភាព និងមិនគាំទ្រសង្រ្គាមឡើយ។

ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនៃកំណែទម្រង់ប្រតិបត្តិការសន្តិភាព ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបន្តប្តេជ្ញាពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហិង្សា និងការជួញដូរផ្លូវភេទ។ ចំណុចទី២ បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នាជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ដោយធ្វើការចែករំលែកបទពិសោធន៍ទាំងក្នុងប្រទេស និងគ្រប់តំបន់បេសកកម្ម។

រីឯចំណុចចុងក្រោយ គឺបន្តបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកង នៅទីបញ្ជាការពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ជាមួយគ្នានោះ ដើម្បីឆ្លុះបញ្ចាំងអំពីការរួមចំណែកដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានប្រកាសបន្តការប្តេជ្ញាចិត្តដាក់កម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច UNPCRS រួមមាន៖ ១កងអនុសេនាធំវិស្វកម្មពហុជំនាញ ១កងរាជអាវុធហត្ថ
១កងកម្ទេចគ្រឿងផ្ទុះ បោសសំអាតមីន និង១កងស្ពានបណ្តែតទឹក និងលើគោក៕